ស្អាតខ្លាំង! ទិដ្ឋភាពវត្តទួលព្រះរាជា ថតពីជ្រុងម្ខាងនៃដងទន្លេ ផុសរូបព្រះពុទ្ធ និង វិហារយ៉ាងត្រដឹមត្រដែត
ភ្ជុំបិណ្ឌគឺជាពេលវេលាដែលបានជួបជុំគ្រួសារ ធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃគង់នៅតាមទីវត្តអារាមនានា។ សម្រាប់អ្នកដែលអត់ដឹងថាចង់ទៅវត្តណា ជាពិសេសអ្នកភ្នំពេញដែលមានបំណងចង់ទៅវត្តធ្វើបុណ្យ ហើយក៏ចង់រកកន្លែងស្អាតដើម្បីលម្ហែ និង នៅជិតៗភ្នំពេញផងនោះ ថ្ងៃនេះសូមណែនាំវត្តអារាមមួយជាបូជនីយដ្ឋានបែបព្រះពុទ្ធសាសនា ហើយល្បីរន្ទឺក្នុងស្រុកកោះធំ ខេត្តកណ្ដាល នោះគឺវត្តទួលព្រះរាជា។
វត្តទួលព្រះរាជា មានទីតាំងនៅទីខ្ពស់មួយតាមមាត់ទន្លេបាសាក់នាត្រើយខាងកើត ស្ថិតក្នុងភូមិព្រែកតាដុល ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល ដែលជាបូជនីយដ្ឋានមួយដែលភ្ញៀវទេសចរអាចមកទស្សនារូបព្រះពុទ្ធបដិមាមួយអង្គយ៉ាងធំ មានទម្រង់គង់សមាធិ ដែលមានពណ៌ចាំងឆ្លុះទាក់ទាញដល់ភ្ញៀវទេសចរ។ មិនតែប៉ុណ្ណោះ ទីនេះក៏មានបរិស្ថានស្អាតល្អ អមជាមួយទេសភាពធម្មជាតិនៅព័ទ្ធជុំវិញ។
ប្រសិនបើលោកអ្នកបានទៅដល់វត្តទួលព្រះរាជា លោកអ្នកនឹងលាន់មាត់សរសើរមិនដាច់ពីមាត់ អំពីសមិទ្ធផលជាច្រើនដែលរំលេចទៅដោយក្បូរក្បាច់ ហើយជារចនាបថខ្មែរសុទ្ធសាធ ជាពិសេសគឺព្រះពុទ្ធរូបទ្រង់គង់ពែនព្រះភ្នែនដែលមានកម្ពស់ខ្ពស់ត្រដែត អាចធ្វើឱ្យយើងសម្លឹងមើលឃើញពីចម្ងាយហាក់បីដូចជាផ្ទាំងគំនូរដ៏ល្អវិចិត្រ ដែលផុសចេញនៅកណ្ដាលវេហា ហើយក៏មានព្រះពុទ្ធបដិមាប្រក់នាគទ្រង់គង់ពែនព្រះភ្នែនដែរ បើយើងសម្លឹងមើលពីមុខយើងឃើញថា ពិតជាមានសោភណ្ឌភាពស្រស់ស្អាតគួរជាទីជ្រះថ្លានៃពុទ្ធសាសនិកជន គ្រប់មជ្ឈដ្ឋាន និង ក្រៅពីនេះក៏មានសំណងយ៉ាងច្រើនរាប់មិនអស់ទៀត ត្រូវបានសាងសង់នៅទីនោះ៕
ប្រភពរូបភាព៖ ហ៊្វេសប៊ុកផេក មរតកកម្ពុជា