ទេសភាពភ្នំណាមលៀរ នារដូវវស្សាស្រស់ស្អាតខ្លាំង
នៅរដូវវស្សានេះ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការអូរពោត នៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ បានដើរល្បាត ហើយបានជួបប្រទះនឹងទេសភាពដ៏ស្រស់ស្អាត គួរឱ្យចង់គយគន់ និង លម្ហែកាយ ហើយត្រូវបានប្រជាសហគមន៍រស់នៅតំបន់នោះបានប្រសិទ្ធនាមទឹកជ្រោះនេះថា «ទឹកធ្លាក់៧ជាន់»។
លោក វុធ សារុំ នាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ បានឱ្យដឹងថា នៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ សម្បូរដោយតំបន់សក្ដានុពលទេសចរណ៍ធម្មជាតិ និង សត្វព្រៃ ជាពិសេសថ្មភ្នំណាមលៀរដែលផុសនៅចំកណ្ដាលព្រៃព្រឹក្សា និង ទឹកជ្រោះដែលទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាយ៉ាងច្រើនកុះករ ។
ថ្មីៗនេះ មន្រ្តីឧទ្យានុរក្សបានដើរល្បាតក្នុងភូមិសាស្រ្ត ហើយបានប្រទះឃើញទឹកជ្រោះដ៏ស្រស់ស្អាតនេះ ដែលមានចម្ងាយប្រមាណជា៥គីឡូម៉ែត្រពីស្នាក់ការការអភិរក្សអូរពោត ។
លោកវុធ សារុំ ក៏បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ចូលរួមអភិរក្ស ហើយចូលមកទស្សនាតំបន់ទឹកធ្លាក់ដ៏មានសក្ដានុពលនេះ និង ចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា ដោយកុំចោលសំរាមរប៉ាត់រប៉ាយ បណ្ដាលឱ្យបាត់បង់សោភ័ណភាពដ៏ស្រស់ស្អាត ។
ភ្នំណាមលៀរ ស្ថិតក្នុង ភូមិទី១ ឃុំប៊ូស្រា ស្រុកពេជ្រាដា មណ្ឌលគិរី នៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែលបង្កើតឡើងដោយព្រះរាជក្រឹត្យ ឋិតនៅភាគខាងជើងក្រុងសែនមនោរម្យនៃទីប្រជុំជនខេត្តមណ្ឌលគិរី ជាប់នឹងព្រំប្រទល់ប្រទេសវៀតណាម ដែលកំពុងស្វាគមន៍ភ្ញៀវទេសចរជាតិ និង អន្ដរជាតិជារៀងរាល់ថ្ងៃ ជាពិសេសររដូវបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ៕
ដោយ៖សុថាត់(ប្រភព មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី)