អាងទឹកត្រពាំងវែង ក្លាយជារមណីយដ្ឋានទេសចរណ៍ថ្មីមួយទៀតនៅខេត្តឧត្តរមានជ័យ
គ្រាន់តែរដូវវស្សាចូលមកដល់អាងទឹកត្រពាំងវែង គឺមានទឹកពេញប្រៀប ដែលបានផ្លាស់ប្តូរមុខមាត់ ទីនោះពីប្រព័ន្ធស្រោចស្រប់បម្រើឱ្យវិស័យកសិកម្ម ទៅជាទីកន្លែងបម្រើឱ្យវិស័យទេសចរថ្មីមួយដ៏ទាក់ទាញ ដែលប្រពលរដ្ឋនៅតំបន់នោះ តែងតែនាំគ្នាទៅកម្សាន្តជារៀងរាល់ថ្ងៃ ។
អាងត្រពាំងវែង ស្ថិតនៅក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលពេលនេះកំពុងមានទឹកពេញប្រៀប គួរជាទីទាក់ទាញភ្ញៀវទេសចរក្នុងស្រុកយ៉ាងខ្លាំង ជាពិសេសនៅពេលរសៀល មានមនុស្សម្នាយ៉ាងច្រើននាំគ្នាមកលំហែរកាយ និង អ្នកខ្លះមកគយគន់មើលខ្សែទឹកហូរយ៉ាងខ្មួលខ្មាញ ដែលមន្ត្រីជំនាញបានបើកទឹកអាងចេញខ្លះដើម្បីកុំឱ្យវាពេញប្រៀបពេក ។
ពេលនេះបរិមាណទឹកភ្លៀង ដែលបានធ្លាក់បន្ថែមក្នុងកម្រិត ៦០ មម នៅក្នុងភូមិសាស្ត្រក្រុងសំរោង ដែលបានធ្វើឱ្យទឹកក្នុងអាង ត្រពាំងវែង កើនឡើងខ្លាំង ហើយក្រុមការងារមន្ទីរធនធានទឹក និង ឧតុនិយមខេត្ត បានសម្រេចបើកទ្វារទឹកអាង ចំនួន ៤ ប្រឡោះ ដើម្បីរំដោះធារទឹកក្នុងអាងមួយចំនួនទៅផ្នែកខាងក្រោម ៕
ដោយ៖សុថាត់