ក្រសួងវប្បធម៌ បើកឱ្យភ្ញៀវទេសចរចូលទស្សនាវត្ថុបុរាណនៅសារមន្ទីរ ក្រសួងអភិរក្សអង្គរ
លោក គឹម សុធិន ប្រធាននាយកដ្ឋានគាំពារ និង អភិរក្សសំណង់បុរាណ នៃ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានឱ្យដឹងថា ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានរៀបចំឱ្យភ្ញៀវទេសចរជាតិ និង អន្តរជាតិ ឱ្យចូលទស្សនាវត្ថុបុរាណ ដ៏មានតម្លៃ នៅក្នុងសារមន្ទីរ ក្រសួងអភិរក្សរអង្គរ ដោយឥតគិតថ្លៃ ។
ការចូលទស្សនានេះធ្វើឡើងមួយថ្ងៃ គឺនៅថ្ងៃ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤ រសៀល ដែលទទួលបន្ទុកគ្រប់គ្រងដោយនាយកដ្ឋានគាំពារ និង អភិរក្សសំណង់បុរាណ នៅក្រសួងអភិរក្សដ្ឋានអង្គរជាទីតាំងរក្សា និង ការពារនូវវត្ថុសិល្បៈបុរាណ នោះនឹងបើកទ្វារឱ្យបងប្អូនសាធារណជន ភ្ញៀវជាតិ និង អន្តរជាតិចូលទស្សនា ដើម្បីជាការអបអរសាទរក្នុងរដូវកាលនៃថ្ងៃបុណ្យ បេតិកភណ្ឌអឺរ៉ុប ។
កន្លងមកទីតាំងនេះ ត្រូវបានការពារយ៉ាងតឹងរ៉ឹងបំផុត ព្រោះជាទីតាំងដែលប្រមូលនូវវត្ថុសិល្បៈបុរាណមករក្សាទុកនោះ ឥឡូវនេះបានអនុញ្ញាតិឱ្យចូលទស្សនារយៈពេលតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ៕
ដោយ ៖សុថាត់