ភ្នំជីតាពេជ្រជារមណីយដ្ឋានទេសចរណ៍វប្បធម៌នៅខេត្តតាកែវ
ភ្នំជីតាពេជ្រជារមណីយដ្ឋានទេសចរណ៍ថ្មី ដែលទើបនឹងរៀបចំឡើងនាប៉ន្មានឆ្នាំកន្លងមកនេះ ហើយមានសោភ័ណភាពស្រស់បំព្រង មើលទៅពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំង ។
ភ្នំជីតាពេជ្រមានទីតាំងស្ថិតនៅក្នុង ភូមិវត្តភ្នំ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ មានចម្ងាយ ២៥គីឡូម៉ែត្រពីផ្លូវជាតិលេខ ២ ត្រង់ចំណុច វត្តឧទ្ទម្ពរ ខាងជើងផ្សារទន្លាប់ ១០០ ម៉ែត្រឆ្ពោះទៅទិសខាងលិច និង ៦៥ គីឡូម៉ែត្រពីក្រុងដូនកែវ ។
រមណីយដ្ឋាននេះ ផ្តើមកសាងឡើងដោយឧបាសិកា តាន់ វិចហុង មានកាំជណ្តើរបេតុងឡើងលើកំពូលភ្នំប្រវែង ១៧០ ម៉ែត្រ ស្មើនឹង ២៤៣ កាំ ព្រមទាំងមានសង់ព្រះពុទ្ធបដិមា ១ អង្គយ៉ាងធំ នៅលើកំពូលភ្នំ កម្ពស់១៣.៥០ម៉ែត្រ ធ្វើអំពីថ្មភក់ ។ ក្រៅពីការគោរពតាមបែបពុទ្ធសាសនា ភ្នំជីតាពេជ្រ ក៏ជាទីកន្លែង ដើរលេងកម្សាន្តដ៏ពេញនិយមមួយផងដែរ នៅខេត្តតាកែវ ។
ភ្នំជីតាពេជ្រជាកូនភ្នំតូចដែលមានកម្ពស់ ៤០ ម៉ែត្រ កាលពីដើមមានព្រៃក្រាស់ និង ដើមឈើធំៗដែលផ្តល់ជាជម្រកយ៉ាងកក់ក្តៅដល់ពពួកម្រឹគីម្រឹគា បក្សាបក្សីផងទាំងឡាយរស់នៅតកូន តចៅរៀងរហូតមក ដោយពុំសូវមានមនុស្សចូលទៅដល់ទីនោះឡើយ ។ ទាក់ទងនឹងភ្នំនេះ មានរឿងដំណាលមកថា មានបុរសម្នាក់ឈ្មោះពេជ្រ ដែលទើបនឹងលាចាកសិក្ខាបទថ្មីៗតាម គន្លងព្រះពុទ្ធសាសនាបានមករស់នៅជើងភ្នំនេះ តែម្នាក់ឯងដើម្បីកាប់ឆ្ការព្រៃធ្វើចម្ការ ហើយក៏ប៉ិនប្រសប់ខាងព្យាបាលជំងឺគ្រប់ប្រភេទដោយផ្សំរុក្ខជាតិផ្សេងៗនៅទីនោះ សម្រាប់ធ្វើជាឱសថយ៉ាងស័ក្តិសិទ្ធិក្នុងការជួយព្យាបាលអ្នកជំងឺ ក្រោយមកគេហៅ ភ្នំនេះថា ភ្នំជីតាពេជ្រ រហូតដល់សព្វថ្ងៃនេះ ។
សព្វថ្ងៃនេះ ភ្នំជីតាពេជ្រក្លាយជារមណីយដ្ឋាន ទេសចរ វប្បធរមួយ ដ៏ពេញនិយមនៅក្នុងខេត្តតាកែវ ក៏ព្រោះតែទីនេះ ជាកន្លែងកម្សាន្តមួយ ដែលពោរពេញទៅដោយបរិយាកាសបរិសុទ្ធព្រមទាំងលោកអ្នកអាចទស្សនានូវទេសភាពធម្មជាតិដ៏ល្អប្រណិតនៃស្រុកគិរីវង់ទាំងមូលផងដែរ ៕
ដោយ៖សុថាត់