រដូវបុណ្យភ្ជុំបិណ្ឌនេះ កុំភ្លេចទៅលេងសហគមន៍ភូមិអណ្តែតទឹកកំពង់លួង
នៅក្នុងរដូវភ្ជុំបិណ្ឌទិដ្ឋភាពដ៏ស្រស់ត្រកាលនៃភូមិបណ្តែតទឹកកំពង់លួង ពិតជាស្រស់ស្អាតគួរជាទីចាប់អារម្មណ៍ខ្លាំងណាស់ ដែលធ្វើឱ្យភ្ញៀវទេសចរជាតិ និង អន្តរជាតិនាំគ្នាស្កាត់ទៅកម្សាន្ត នារដូវបុណ្យភ្ជុំបិណ្ឌចូលមកដល់ម្តងៗ ។
សហគមន៍ភូមិអណ្តែតទឹកកំពង់លួងមានទីតាំងស្ថិតនៅក្នុង ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ ៣៧ គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ និង ១៥៩ គីឡម៉ែត្រពីរាជធានីភ្នំពេញ ។
ជាដំបូងយើងធ្វើដំណើរមកដល់ផ្សារក្រគរ មានផ្លូវបំបែកជាបួន រវាងផ្លូវជាតិលេខ៥ និង លេខ ៥៤ និងផ្លូវលេខ ៥៣B ត្រង់ទីប្រជុំជនស្រុកក្រគរ និង ត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៥៤ ពីទីប្រជុំជនស្រុកក្រគរចម្ងាយ៧ គីឡូម៉ែត្រ។ បន្ទាប់មកត្រូវឆ្លងកាត់ ភូមិទី៤ សាលា ឃុំកំពង់លួង និង អនុវិទ្យាល័យកំពង់លួង ទើបទៅដល់មាត់ទឹក ដែលនៅទីនោះមានទូកតូចធំ នៅតម្រៀបគ្នារង់ចាំដឹកភ្ញៀវទេសចរ និង ដឹកទំនិញ ផ្សេងៗ ទៅផ្គត់ផ្គង់ជីវភាពអ្នករស់នៅលើភូមិបណ្តែតទឹក ។
នៅទីនោះ មានភូមិចំនួន៤នៅលើទឹក និង ១ភូមិទៀត នៅលើគោក ហើយភូមិនៅលើទឹក មានភូមិទី១ ទី២ ទី៣ និង ទី៥ ។ នៅក្នុងភូមិមានសេវាគ្រប់យ៉ាង ដូចនៅលើគោកដែរ ដូចជា សេវាលក់ទំនិញ ហូបចុក ទំនិញប្រើប្រាស់ គ្រប់យ៉ាង លើកលែងតែគ្រឿងយន្តធំៗ ។
មានវត្តខ្មែរ វត្តវៀតណាម ព្រះវិហាគ្រឹះសាសនា មានជនជាតិរស់នៅចម្រុះគ្នាមានខ្មែរ វៀតណាម ចាម ចិន និង មានមុខរបរចម្រុះដូចជានេសាទត្រី និង ជំនួញផ្សេងៗទេសភាព ព្រៃរនាម ឬព្រៃលេចទឹក សត្វស្លាបចុះរកចំណី និង ហិចហើរជាច្រើនប្រភេទ ទូកអ្នកនេសាទ ទេសភាពផ្ទៃទឹក ទេសភាពភូមិបណ្តែតទឹកពេលយប់ ដូចជាទីក្រុងមួយ ដែលកំពុងអណ្តែតទឹក ។
ការបំរើសសេវាដឹកទេសចរ ក្នុងសហគមន៍នេះមានទូកចំនួន ៣២ ទូកតូច ចំណុះ ៣ ទៅ ៦ នាក់ ចំនួន ២៧ ទូក និង ទូកធំចំណុះចាប់ពី ៧ ដល់ ៣០ នាក់ ចំនួន ៣ ទូក សម្រាប់ដឹកភ្ញៀវទស្សនាកម្សាន្ត ទេសភាព និង ជីវភាពរស់នៅរបស់អ្នកភូមិ ដោយកំណត់តម្លៃសេវាទូក ១៣ដុល្លារ ក្នុងមួយម៉ោង (ទូកតូច)។
ផ្ទះសំណាក់លើទឹក ( Homestay) មានចំនួន ៣ កន្លែង តម្លៃស្នាក់នៅ ៦ ដុល្លារសម្រាប់ភ្ញៀវទេសចរម្នាក់ រយៈពេលមួយយប់ និង បម្រើសេវាហូបចុកបែបសាមញ្ញៗផងដែរ ជាពិសេសគឺត្រីតែម្តង ៕
ដោយ៖សុថាត់ (ប្រភពៈ មន្ទីរទេសចរណ៍ ខេត្តពោធិ៍សាត់)