សត្វប្រចៀវនៅភ្នំសំពៅធ្វើឱ្យភ្ញៀវបរទេសចាប់អារម្មណ៍ខ្លាំង (វីដេអូ)
ប្រចៀវនៅល្អាងភ្នំសំពៅមានរាប់លានក្បាល ក្រោយពីតារាហូលីវូដបានទៅថតនៅទីនោះ បានធ្វើឱ្យល្បីដល់ ភ្ញៀវទេសចរបរទេសនាំគ្នាទៅទស្សនាជារៀងរាល់ថ្ងៃរង់ចាំមើលជាច្រើនម៉ោង ពិសេសរង់ចាំដល់ពេលរសៀល ទើបពួកវាហើរចេញពីល្អាងទៅរកស៊ីពេលយប់ ។ ភ្នំសំពៅ គឺជារមណីដ្ឋានធម្មជាតិមួយ ដែលមានទីតាំងស្ថិតនៅក្នុងឃុំ ភ្នំសំពៅ ស្រុក បាណន់ ខេត្ត បាត់ដំបង ។
ភ្នំសំពៅ មានកម្ពស់ ១០០ ម៉ែត្រ ដែលមានចម្ងាយ ១២ គីឡូម៉ែត្រ ពីក្រុង បាត់ដំបង ។ នៅលើភ្នំសំពៅ នេះ មានវត្តអារាម ល្អាង និង ទីតាំងធម្មជាតិជាច្រើន ដែលកំពុងទាក់ទាញភ្ញៀវទេសចរណ៍ ។ ល្អាងប្រចៀវ គឺជាល្អាងមួយក្នុងចំណោមល្អាងទាំងបី នៃភ្នំសំពៅ ដែលមានសំបុកសត្វប្រចៀវជ្រួញបបូរមាត់រស់នៅទីនោះប្រមាណជា ២លានក្បាល។
សត្វប្រចៀវជ្រួញបបូរមាត់នៅក្នុងល្អាងភ្នំសំពៅនេះ អាចហើរបានចម្ងាយ៥០គីឡូម៉ែត្រ ។ ហើយពួកវាតែងតែហើរចេញពីល្អាង នៅវេលាម៉ោង ៦ ល្ងាចជារៀងរាល់ថ្ងៃ ដោយធ្វើដំណើរទៅកាន់តំបន់ព្រៃជុំវិញបឹងទន្លេសាប ដើម្បីចាប់សត្វល្អិតជាចំណីអាហារ ដូចជាសត្វមូស សត្វមមាច និង សត្វល្អិតដែលបំផ្លាញទិន្និផលកសិកម្មជាដើម ។ ប្រចៀវប្រភេទនេះមួយក្បាល អាចស៊ីចំណីអាហារពី ៥០ ទៅ ១០០ ភាគរយ នៃទម្ងន់ខ្លួនរបស់វា (១៥ក្រាម) ជារៀងរាល់យប់ ។ ដូច្នេះការស៊ីសត្វល្អិតទាំងនេះ វាអាចជួយការពារ ទិន្នផលស្រូវ បានលើសពី ២០០០ តោនក្នុងមួយឆ្នាំ ។
តាមរយៈទិដ្ឋភាពហើរជាហ្វូងរបស់សត្វប្រចៀវជិត ២ លានក្បាលនៅភ្នំសំពៅនេះ វាក៏ជាចំណែកមួយជួយទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិឱ្យទៅទស្សនានៅទីនោះផងដែរ ។ ជាពិសេសការផ្ដល់ចំណូលដល់ប្រជាពលរដ្ឋ ដែលប្រកបរបរលក់ដូរចំណីរអាហារនៅទីនោះ ៕
សូមទស្សនាវីដេអូនៅខាងក្រោម
ដោយ ៖ ដេវីត