នៅតំបន់ការពារកែវសីម៉ា មានសត្វទោចថ្ពាល់លឿងច្រើនដល់ម្ល៉ឹងផង !
សត្វទោចថ្ពាល់លឿងជាប្រភេទសត្វដែលបានកត់ត្រាទុកក្នុង សៀវភៅក្រហមថា ជាសត្វជិតផុតពូជនៅលើភពផែនដីយើងទៅហើយ ប៉ុន្តែវាកំពង់មានវត្តមានច្រើននៅក្នុងប្រទេសកម្ពុជាយើង ។ ព័ត៌មាននេះត្រូវបាន អង្គការ WCS បង្ហើបឱ្យដឹងកាល ពីពាក់កណ្តាល ខែកញ្ញាឆ្នាំ ២០១៨ ថា ទោចថ្ពាល់លឿងប្រមាណជា ១ ០០០ ក្បាល ត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ។
ទោចថ្ពាល់លឿងជាប្រភេទសត្វរងគ្រោះជិតផុតពូជ ដែលចូលចិត្តរស់នៅលើដើមឈើខ្ពស់ៗ ចិញ្ចឹមជីវិតដោយស៊ីស្លឹកឈើ និង ផ្លែឈើជាចំណីអាហារ និង តែងតែបញ្ចេញសម្លេងឆ្លើយឆ្លងគ្នាបង្កើតជាចម្រៀងយ៉ាងគ្រលួចនាពេលព្រឹកព្រលឹម ។ប្រសិនបើលោកអ្នកចង់ឃើញ និង ស្តាប់សំនៀងដ៏ពីរោះរណ្តំរបស់សត្វទោចថ្ពាល់លឿង សូមអញ្ជើញទៅទស្សនាកម្សាន្តនៅជុំរុំ Jahoo Gibbon នៅសហគមន៍អេកូទេសចរណ៍ធម្មជាតិ អណ្តូងក្រឡឹង ដែលមានទីតាំងស្ថិតនៅក្នុង ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ លោកអ្នកអាចធ្វើការទំនាក់ទំនងរៀបចំការមកទស្សនាសត្វទោចថ្ពាល់លឿងជាមួយ Hefalump Café នាទីក្រុងសែនមនោរម្យទីរួមខេត្តមណ្ឌលគីរី ៕
ដោយ ៖សុថាត់
(បរភព៖WCS )