ស្ទឹងបំណក់ជារមណីយដ្ឋានទេសចរណ៍ តាមរដូវកាល
ខេត្តពោធិ៍សាត់ គឺជាខេត្តមួយ ដែលសម្បូរទៅដោយ រមណីយដ្ឋានធម្មជាតិ និង រមណីយដ្ឋាន ទេសចរណ៍បែប ប្រវត្តិសាស្ត្រមិនចាញ់ខេត្តដទៃទៀតឡើយ ។ ហើយ ពេលនេះទ្វារទឹកស្ទឹងបំណក់ស្ថិតនៅភូមិបណក់ ឃុំឈើតុំ នៅស្រុកក្រគរក៏បានក្លាយទៅជាតំបន់ទេសចរណ៍ថ្មីមួយទៀត ដែលធ្វើឱ្យមានភាពទាក់ទាញយ៉ាងខ្លាំង នៅស្រុកក្រគរ និង ខេត្តពោធិ៍សាត់នេះទាំងមូល ។
ទ្វារទឹកស្ទឹងបំណក់ត្រូវបានកសាងឡើង នៅដើមឆ្នាំ ២០១០ នេះ ដើម្បីស្ទាក់ទឹកទុកសម្រាប់បម្រើឱ្យវិស័យកសិកម្មរបស់ប្រជាជននៅក្នុង ខេត្តកំពង់ឆ្នាំង និង ខេត្តពោធិ៍សាត់ ។ បើយើងចង់ធ្វើដំណើរទៅកាន់សំណង់ទ្វារទឹកស្ទឹងបំណក់ នេះ យើងត្រូវចេញ ពីទីប្រជុំជនស្រុកក្រគរឆ្ពោះទៅតាមផ្លូវក្រាលក្រួសក្រហម ក្នុងចម្ងាយផ្លូវជាង ២០ គីឡូ ម៉ែត្រ យើងនឹងបានឃើញសំណង់ទ្វារទឹកទើបសាងសង់ ថ្មី ដែលមានឮសូរសន្ធឹកទឹក ហូរ និង មានហ្វូងត្រីចង្វាតូចៗលោតហក់បញ្ច្រាស ទឹកហូរ ដែលមើលទៅគួរឱ្យចង់ទស្សនាក្រៃលែង ។
ប្រព័ន្ធទ្វារទឹកមួយនេះ មានសារយ៉ាងសំខាន់ ដែលបានរួមចំណែកយ៉ាងច្រើនក្នុងការបម្រើឱ្យវិស័យកសិកម្ម ជាពិសេសបម្រើការងារស្រោចស្រពដីស្រែ ដែលធ្វើឱ្យតំបន់នៅជុំវិញស្ទឹងនោះអាចធ្វើស្រែបានពីរទៅបីដងក្នុងមួយឆ្នាំ ប៉ុន្តែចំណុចដែលគេមិននឹកដល់នោះគឺសំណង់នេះ បានក្លាយ ទៅជារមណីយដ្ឋានទេសចរណ៍យ៉ាងពេញនិយម ដែលធ្វើឱ្យប្រជាពលរដ្ឋរាប់រយ ពាន់នាក់ងាកមកចាប់អារម្មណ៍ទស្សនា និង ងូតទឹកកម្សាន្តនៅទីនេះ ជាពិសេសថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ។
ស្ទឹងបំណក់នេះ មានប្រភពទឹកហូរមកមួយផ្នែកពីភ្នំល្អៀង មួយផ្នែកពីភ្នំ យោក និង មួយផ្នែកទៀតពីភ្នំបំណក់ដែលនៅជិតនេះឯង ហើយវាបាននាំទឹកហូរ កាត់ទៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងរួចបន្តហូរធ្លាក់ទៅក្នុងបឹងទន្លេសាប ។ លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់បានឱ្យដឹងថា លោក មានសេចក្តីរីករាយណាស់ ដោយសំណង់ទ្វារទឹកបណក់មួយនេះបានចូលរួមយ៉ាងសំខាន់ដើម្បីបម្រើការកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និង ភ្ញៀវទេសចរអន្តរជាតិ ដែល
បានមកទស្សនានៅខេត្តពោធិ៍សាត់ នៅទីនេះបម្រើឱ្យទេសចណ៍តាមរដូវកាលគឺនៅរដូវវស្សាតែម្តង ៕
ដោយ៖សុថាត់