ភ្នំដំរីរមៀល ក្លាយទៅជាបូជនីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ
ភ្នំដំរីរមៀលក្លាយទៅបូជនីយដ្ឋានទេសចរណ៍ មួយដែលមនុស្សទៅគោរពបូជាផង កំសាន្តផង ដែលនៅទីនោះ មានដូចជាវត្តអារាម និង ប្រាសាទបុរាណនានាជាដើម ដែលទាក់ទងទៅនឹងជំនឿសាសនាផ្សេងៗ ។ បូជនីយដ្ឋានទេសចរណ៍នេះ ស្ថិតក្នុងវត្តថ្មធំភ្នំដំរីរមៀល ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ភ្នំដំរីរមៀល មានកំពូលខ្ពស់វែងអន្លាយ លាតសន្ធឹងពីជើងទៅត្បូងត្រង់ព្រំប្រទល់ ខេត្ត តាកែវ និង ខេត្តកំពត។
បូជនីយដ្ឋានទេសចរណ៍ភ្នំដំរីរមៀលនេះ មានរុក្ខជាតិគ្រប់ប្រភេទដុះច្រើន ស្អេកស្កះ មើលពីចម្ងាយមាន ពណ៌ខៀវខ្ចី បែកមែកសាខាចោលម្លប់ត្រឈឹងត្រឈៃត្រជាក់ ស្រេប ។ ទន្ទឹមនឹងនោះ ជំនោរបានបក់មកល្ហៀកៗ មែកឈើរង្គើប្រាវៗ លាយលំសម្លេងរៃយំ ផង ប្រៀបប្រដូចជាការប្រគុំតន្ត្រីដ៏សែនពីរោះ ។
មិនត្រឹមតែប៉ុណ្ណឹងទេ បូជនីយដ្ឋាន ទេសចរណ៍ភ្នំដំរីរមៀល នៅមានទីសក្ការបូជាផ្សេងៗទៀត មានដូចជាកន្លែងព្រះពុទ្ធប្រសូតិ កន្លែងតាខ្មៅ យាយទេព ផ្នូរនាងពៅ និង កន្លែងរូបសំណាកអ្នកមានបុណ្យជាដើម ។ បូជនីយដ្ឋាន ភ្នំដំរីរមៀល ដែលជាអតីតតំបន់ខ្មែរក្រហមនោះ ពិតជាមានសម្រស់ស្រស់ត្រកាលបែបធម្មជាតិមែន ហើយនៅតាមជើងភ្នំមានចម្ការដូង ស្វាយរាប់ហិកតា ។
លក្ខណៈពិសេសទាំងអស់នេះ បានទាក់ទាញអ្នកជំនឿជិតឆ្ងាយឱ្យមកលេង និង បន់ស្រន់សុំសុខចម្រើនរាល់ថ្ងៃ មិនសូវដែលខកខានឡើយ ។ បូជនីយដ្ឋានទេសចរណ៍វត្តថ្មធំភ្នំដំរីរមៀលនេះ មានប្រវត្តិដើមយ៉ាងដូច្នេះថា ក្នុងរជ្ជកាលស្ដេចអង្គ ច័ន្ទរាជាទីពីរ ព្រះកែវ និង នាងពៅបានតោងកន្ទុយព្រះគោជាច្បងហោះទៅលើអាកាស ដើម្បីគេចពីពួកសៀមតាមចាប់ ៕
ដោយ៖សុថាត់