ទឹកធ្លាក់ វាលពួច កំពុងរង់ចាំស្វាគមន៍ភ្ញៀវទេសចរ
ទឹកធ្លាក់ វាលពួច ជារមនីយដ្ឋានធម្មជាតិថ្មីមួយកន្លែងស្ថិតនៅក្នុង ភូមិទ្វីខាងជើង ឃុំអណ្ដូងខ្មែរ ស្រុកកំពត ខេត្ដកំពត ជាយូរយាណាស់មកហើយ ហាក់បីដូចជាលាក់ខ្លួនកំបាំងពីភ្នែកភ្ញៀវទេសចរ ហើយនៅទីនោះបានរងចាំភ្ញៀវទេចេរអស់រយៈពេល ជាច្រើនឆ្នាំមកហើយ ។
បើចង់ទៅទស្សនា នៅរមណីយដ្ឋាន វាពួច យើងត្រូវចូលតាមច្រកវត្ដព្រះពុទ្ធជ័យមង្គលារាម ហៅ វាលពួច ដោយឆ្លងកាត់ផ្នូរខ្មោចចោរ ចម្ងាយប្រមាណជាង ១ គីឡូម៉ែត្រពីរង្វង់មូលរលកក្នុងក្រុងកំពត ទឹកធ្លាក់វាលពួច ទីប្រជុំទឹកធ្លាក់ធម្មជាតិជាច្រើនកន្លែងលាក់ខ្លួនដ៏ស្ងប់ស្ងាត់ស្វាគមន៍ភ្ញៀវនិយមផ្សងព្រេងពិតៗ ។
ចេញពីច្រកចូល ប្រមាណជា ១ គីឡូម៉ែត្រ យើងនឹងទៅដល់អារាមវាលពួច ដែលសម្បូររូបចម្លាក់សត្វនៃឆ្នាំទាំង ១២ រូបលោកយាយសំពៅ៥ និង រូបលោកតាឥសី ព្រមទាំងព្រះវិហារថ្មីសន្លាងសង់ពីដែក និង ស័ង្កសី ។ ដោយធ្វើដំណើរឆ្ពោះទៅកាន់ភ្នំប្រមាណ ១ គីឡូម៉ែត្រទៀត ផ្ទះប្រជាពលរដ្ឋមួយខ្នងឈរនៅកណ្ដាលផ្លូវឡើងទៅទីឋានទឹកធ្លាក់ ដ៏កណ្ដោចកណ្ដែងជាអាហារដ្ឋានលក់ម្ហូបសាច់ចិញ្ចឹមក្បែរផ្ទះតាមការកុម្ម៉ង់ ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេចរណ៍ខេត្តកំពតបានឱ្យដឹងថា ទឹកធ្លាក់ វាលពួច មានកម្ពស់ប្រមាណជា ២០ ម៉ែត្រ និង មុខកាត់ជាងមួយម៉ែត្រ សម្រាប់រដូវប្រាំង ទឹកធ្លាក់ល្បាក់ទីពីរហូរធ្លាក់លើថ្លុកទឹកប្រមាណជា ៥ គុណ ១០ ម៉ែត្រ សមល្មមសម្រាប់ការងូតទឹកលេងកម្សាន្ដ។ នៅទីនោះមានដុំថ្មតូចធំពង្រាយខ្លួនរាយប៉ាយតាមខ្នងភ្នំរហូតដល់បាតជ្រោះទឹកធ្លាក់យ៉ាងច្រើនសន្ធឹកសន្ធាប់បង្កើតបានជាទេសភាពមួយគួរឱ្យចង់គយគន់ក្រៃលែង។
ភ្ញៀវទេសចរទាំងឡាយ ក្រោយពីបញ្ចប់ការងូតទឹកដ៏ត្រជាក់ស្រេង មគ្គុទ្ទេសក៍ព្រៃរូបនេះបានបន្ដបង្ហាញផ្លូវចុះមកកាន់ទឹកធ្លាក់ដំណាក់ទីមួយ ទៅតាមផ្លូវបត់បែន និង ផ្លូវកាត់ទៅកាន់ភ្នំបូកគោ។ ធ្វើដំណើរចុះ និង ឡើងចម្ងាយប្រហែលជា ៣០០ ម៉ែត្រពីទឹកធ្លាក់ទីពីរ ទឹកធ្លាក់កម្ពស់ ៥០ ម៉ែត្រកំពុងរង់ចាំស្វាគមន៍ភ្ញៀវគ្រប់ពេលវេលា។ ទឹកហូរប៉ុនមួយទុយោធំធ្លាក់លើថ្ម គ្មានថ្លុកទឹកទ្រ ជាទស្សនីយភាពហាក់កណ្ដោចកណ្ដែងនារដូវប្រាំង ៕
ដោយ៖សុថាត់