ពិតជាអស្ចារ្យខ្លាំងណាស់ បុរសម្នាក់នេះយកសំរាមបង្កើតសាលាបង្រៀនក្មេងក្រីក្រ
បើបានទៅដល់រមណីយដ្ឋានធម្មជាតិ សុរាម្រឹត្យ ព្រះកុសុមៈ គីរីរម្យនោះ យើងពិតជាបានឃើញ សាលារបស់អង្គការមួយគឺសាលាដូង ។ សាលាដូងពិតជាមានភាពទាក់ទាញខ្លាំងណាស់ ពេលដែលបានទៅដល់ទីនោះ សាលានេះត្រូវបានបង្កើតឡើងដោយយុវជនខ្មែរមួយរូប ឈ្មោះ អ៊ុក វណ្ណដេ ។
អ៊ុក វណ្ណដេ គាត់មានគោលបំណងបំបាត់ការសុំទានរបស់ក្មេងនៅតំបន់នោះ ហើយលោកចង់ឱ្យកុមារនៅទីនោះអាចទទួលបានការអប់រំផ្នែកភាសាអង់គ្លេស និង កុំព្យូទ័រដល់ក្មេងនៅតំបន់នោះបានចេះដោយមិនគិតថវិកាឡើយ។
ក្នុងការកសាងសាលាដូងនេះ គឺ លោក អ៊ុក វណ្ណដេ បានចំណាយថវិកាផ្ទាល់ខ្លួន តែម្តង ដោយលោកបានយល់ថា កុមារគឺជាទំពាំងស្នងឫស្សី ពោលកុមារគឺជាអ្នកដែលត្រូវធ្វើការបន្តពីមនុស្សចាស់ ហើយកុមារក៏ជាធនធានដ៏សំខាន់បំផុត ដែលជួយឱ្យប្រទេសជាតិមានការអភិវឌ្ឍ នាពេលអនាគត។
សាលាដូងគឺបើកទទួលកុមារដែលមានអាយុចាប់ពី ៨ ឆ្នាំឡើងទៅ ហើយចាប់បង្រៀនពីម៉ោង ៨ ព្រឹកដល់ម៉ោង ១១ថ្ងៃត្រង់ និង ម៉ោង ២ រសៀលដល់ម៉ោង ៥ ល្ងាច និង ម៉ោង ៦ និង ៣០ នាទីល្ងាចដល់ម៉ោង ៨ យប់ ។
សាលាដូងត្រូវបានរចនា និង តុបតែង សុទ្ធសឹងតែជារបស់សំរាមដូចជា សំបកដបទឹក សំបកកំប៉ុងផ្សេងៗមកកែច្នែ ដើម្បីបង្ហាញឱ្យឃើញថា សំរាមក៏មានតម្លៃ និង ឱ្យមនុស្សចេះ ស្រលាញ់សំរាម ពោលចេះទុកដាក់វាឱ្យបានត្រឹមត្រូវ ។
លោក អ៊ុក វណ្ណដេ បាននិយាយថា លោកមានគម្រោងបង្កើតសាលាដូងនៅ ៣ ទីតាំងផ្សេងគ្នា ដែលទីតាំងទាំងនោះរួមមាននៅលើកោះ ភ្នំ និង នៅលើតំបន់ដៃទន្លេសាប ដែលទីតាំងទាំង ៣ នេះ សុទ្ធតែមានការលំបាកក្នុងការផ្ដល់នូវការអប់រំដល់កុមារ ដែលពេលនេះ លោកធ្វើបានសម្រចនៅទីតាំងចំនួន ២ រួចមកហើយ ពោលសាខាទី១គឺសាលាដូងដែលស្ថិតនៅកោះដាច់ ដែលបានបង្កើតឡើង នៅក្នុងឆ្នាំ ២០១៥ បានជួយដល់កុមារជាច្រើន នៅលើកោះនោះឱ្យទទួលបានការសិក្សារៀនសូត្រផ្នែកភាសា និង កុំព្យូទ័របានដោយឥតគិតថ្លៃផងដែរ ។
សាខាទី២ គឺសាលាដូងនៅលើភ្នំគីរីរម្យ ដែលលោកទើបតែបានបង្កើតឡើង នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ ដែលបានជួយបង្រៀនបន្ថែមដល់កុមារដូចសាខាកោះដាច់ដែរ ពោលគឺរាល់ការបង្រៀននៅគ្រប់ម៉ោងគឺមានតែលោកម្នាក់ឯងតែប៉ុណ្ណោះ។
ក្រៅពីការអប់រំលោកបានដឹកនាំក្មេងៗធ្វើពលកម្មបន្តិចបន្តួចដូចជាដាំណាំ បន្លែបង្ការ និង ស្រះទឹកតូចៗសម្រាប់ចិញ្ចឹមត្រី ដែលអាចឱ្យពួកគេយកមកធ្វើម្ហូបទទួលទានអាហារបាន។
លោកមានទស្សនៈថា រាល់ការបង្កើតកន្លែងទាំងនេះ គឺក្នុងគោលបំណងបង្រៀនឱ្យមនុស្សចេះរស់ដោយខ្លួនឯង ពោលឝឺឱ្យពួកគេយល់ដឹងពីរបៀបរបបក្នុងការរស់នៅរួមមានអនាម័យ ការថែរក្សាសុខភាព ឱ្យស្រលាញ់នូវចំណេះវិជ្ជា ដែលជាកត្តាអាចជួយឱ្យពួកគេលុបបំបាត់ភាពក្រីក្រ ៕
ដោយ៖ សុថាត់