ឃើញទេសភាព ទឹកធ្លាក់ក្បាលព្រះ ចង់ទៅលេងភ្លាម !
ទឹកធ្លាក់ក្បាលព្រះ គឺជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញមួយ ដែលបានបង្កប់ខ្លួនក្នុងព្រៃធម្មជាតិ។ រមណីយដ្ឋានទឹកធ្លាក់ក្បាលព្រះនេះ មានទីតាំងស្ថិតនៅក្នុង ភូមិពូត្រំ សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
តំបន់ទឹកធ្លាក់ក្បាលព្រះនេះ មានចម្ងាយតែប្រមាណជា ១៣ គីឡូម៉ែត្រប៉ុណ្ណោះ ពីរូបសំណាកគោព្រៃ នៃក្រុងមនោរម្យ ។ អ្នកទេសចរ ដែលបានទៅដល់ទីនោះ តែងតែទទួលបានបទពិសោធន៍ ពីការដើរកម្សាន្តព្រៃព្រឹក្សាធម្មជាតិដ៏ស្រស់បំព្រង ទាំងនៅរដូវវស្សា និង រដូវប្រាំង ។
ភ្ញៀវទេសចរ អាចទៅងូតទឹកធ្លាក់ដ៏ស្រស់ស្អាត និង ពិសារអាហារ ក្រោមម្លប់ព្រៃឈើត្រជាក់ល្ហឹម ។ នៅអំឡុងពេលរដូវវស្សា គឺទឹកធ្លាក់ក្បាលព្រះ មានទំហំមុខកាត់ជិត ៤០ ម៉ែត្រ នឹងកម្ពស់ប្រមាណជា ៨ ម៉ែត្រ រីឯនៅរដូវប្រាំងវិញ វាបង្រួមនៅត្រឹម ២០ ម៉ែត្រ នឹងកម្ពស់ប្រមាណជិត១០ម៉ែត្រ ។
នៅគ្រប់រដូវកាល សម្រស់ធម្មជាតិនៃទឹកធ្លាក់ក្បាលព្រះ នៅតែស្រស់ស្អាត ជាមួយនឹងទឹកត្រជាក់ល្ហឹមក្រោមម្លប់ត្រឈឹងត្រឈៃ ដោយមានដើមឈើតូចធំនៅអមសងខាង នៅទីនោះអ្នកទេសចរអាចចុះងូតទឹក និង ហែលក្នុងអាងទឹកធម្មជាតិយ៉ាងសប្បាយរីករាយ ៕
ដោយ៖សុថាត់