រមណីយដ្ឋាន ទំនប់អាងទឹកស្ទឹងស្រែង ២ មានភាពទាក់ទាញបែបនេះផង!
មន្រ្តីទេសចរណ៍ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា រមណីយដ្ឋាន ទំនប់អាងទឹកស្ទឹងស្រែង ២ ឬ អាតោដួងចិត្ត កំពុងទាក់ទាញភ្លៀវទេសចរជាតិ និង អន្តរជាតិច្រើន ដែលបានជួយផ្តល់ប្រភពចំណូលបន្ថែមដល់ប្រជាពលរដ្ឋនៅទីនោះ ។
ទំនប់អាងទឹកស្ទឹងស្រែង២នេះ ជាបឹងធម្មជាតិដ៏ធំមួយ នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានទាក់ទាញភ្ញៀវជាតិ និង អន្តរជាតិ ទាំងថ្ងៃបុណ្យ ថ្ងៃឈប់សំរាកឬថ្ងៃធម្មតា ជាពិសេសក្នុងថ្ងៃភ្ជុំបិណ្ឌរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានភ្ញៀវទេសចរទៅកម្សាន្តលេងពី ៤ ០០០ នាក់ទៅ ៥ ០០០ នាក់ចូលទៅទស្សនាក្នុង១ថ្ងៃៗ ។
មូលហេតុ ដែលនាំឱ្យតំបន់ទេសចរណ៍ធម្មជាតិអាតោដួងចិត្តមានភាពទាក់ទាញ ដោយសារតំបន់នោះ មានទឹកត្រជាក់ ធ្វើឱ្យប្រជាពលរដ្ឋចង់ងូតទឹកលេងកម្សាន្ត ថែមទាំងមានខ្យល់អាកាស ល្អបរិសុទ្ធជាប់នឹងជើងភ្នំអាតោនោះផងដែរ។ ដោយសារភ្ញៀវទៅលេងទីនោះច្រើន បានធ្វើឱ្យប្រជាពលរដ្ឋ នៅតំបន់នោះ មានមុខរបរបន្ថែម ដូចជាបម្រើសេវាកម្មទេសចរណ៍ លក់ម្ហូបអាហារ ដែលបានធ្វើឱ្យពួកគាត់មានជីវភាពកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
ទំនប់អាងទឹកនេះមានប្រវែង ២ ៨០០ម៉ែត្រ តភ្ជាប់ពី ភ្នំកំបោរ ទៅ ភ្នំរូងដែក មានសមត្ថភាពស្តុកទឹកបាន ២៥៩ លានម៉ែត្រគូប ដែលបានបញ្ចប់ការសាងសង់កាលពី ខែមីនា ឆ្នាំ ២០១៧ ។
ទំនប់នេះស្ថិតនៅក្នុង ភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលដើរតួនាទីកាត់បន្ថយទឹកជំនន់ និង អាចផ្តល់ទឹកសម្រាប់យកទៅផ្គត់ផ្គង់ដីស្រែ ជាង ២៥ ០០០ ហិកតា ក្នុងខេត្តចំនួន ៣ ៕
ដោយ៖សុថាត់