រដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ភ្ញៀវទេសចរ ទៅលេងឆ្នេរសមុទ្រខេត្តព្រះសីហនុ ធ្លាក់ចុះច្រើនបែបនេះផង !
រដូវភ្ជុំបិណ្ឌឆ្នាំនេះ នៅតាមតំបន់ឆ្នេរ ខេត្ត ព្រះសីហនុ មានសភាពស្ងប់ស្ងាត់ខុសប្លែក កាលពីបុណ្យភ្ជុំបិណ្ឌឆ្នាំកន្លងទៅ ដែលមានចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលទៅកម្សាន្តនៅតាមតំបន់ឆ្នេរ និងរមណីយដ្ឋាននានាស្ទើរតែរកកន្លែងសម្រាប់ឱ្យភ្ញៀវអង្គុយមិនបាន ។
មានបញ្ហាច្រើនយ៉ាងដែលជាមូលហេតុនាំឱ្យមានការធ្លាក់ចុះចំនួនភ្ញៀវទេសចរដូចជា ៖
-ស្ថានភាពផ្លូវដែលរងការខូចខាតនៅក្នុងរដូវវស្សា មិនទាន់បានជួសជុលឡើងវិញ បង្កការលំបាកក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ ។
-ដោយសារតែមានការលំហូរចូលនូវការវិនិយោគរបស់ជនបរទេស(ចិន)យ៉ាងគំហុក ធ្វើឱ្យផ្ទះសំណាក់ សណ្ឋាគារនៅទីនោះឡើងថ្លៃ ហើយត្រូវបានជួលទៅឱ្យជនជាតិចិនស្ទើរតែអស់ បង្កការលំបាកសម្រាប់ភ្ញៀវទេសចរដែលមានបំណងទៅសម្រាកលំហែកាយជាលក្ខណ:គ្រួសារ ។
-ហាងលក់អាហារ ភេសជ្ជៈ ក្នុងក្រុងមួយចំនួន ឬហាងលក់ម្ហូបអាហារនៅតាមបណ្តោយឆ្នេរអូរឈើ ទាល ត្រូវបានជួលទៅឱ្យជនជាតិចិនស្ទើរតែអស់ និង លក់មុខម្ហូបតម្រូវតាមបែបជនជាតិគេក្នុងតម្លៃខ្ពស់ ។
បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងថា ចំនួនភ្ញៀវទេសចរដែលបានទៅសម្រាកកម្សាន្តនៅខេត្តព្រះសីហនុរយៈពេល ៣ ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៨ មានចំនួនសរុប ៧៩.៥៨៧ នាក់ បើប្រៀបធៀបទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌ កាលពីឆ្នាំ ២០១៧ កន្លងមក មានការថយចុះរហូតដល់ទៅ ១៣,៤៩% ។ ក្នុងចំណោមភ្ញៀវខាងលើនេះ ភ្ញៀវជាតិមានចំនួន៧៣.១៧៧ នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧ មានការថយចុះ ១៦,២៧% ភ្ញៀវអន្តរជាតិមានចំនួន ៦.៤១០ នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧ មានការកើនឡើង ៣៩,៣៤% ៕
ដោយ ៖ ដេវីត