ទៅលេងបាត់ដំបង កុំភ្លេចទៅជិះណូរី នៅភ្នំបាណន់!
នៅពេលនេះការជិះណូរី ឬ គេហៅជាភាសាអង់គ្លេសថា «Bamboo Train» នៅភ្នំបាណន់ ខេត្តបាត់ដំបង កំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងពីសំណាក់ភ្ញៀវទេសចរ ជាតិ និង អន្តរជាតិ បន្ទាប់ពីបានធ្វើផ្លូវណូរីថ្មី នៅជើងភ្នំបាណន់ សម្រាប់ដឹកភ្ញៀវទេសចរទស្សនា កម្សាន្ដទេសភាពនៅជុំវិញភ្នំ ។
នៅពេលជិះណូរី ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍បានបង្ហាញអារម្មណ៍រំភើបនៅពេលបាន អង្គុយលើណូរីក្នុងទឹកមុខសប្បាយរីករាយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ កន្លងទៅថ្មីៗនេះ ។ នៅទីនោះមានភ្ញៀវទេសចរជាតិ និង អន្តរជាតិយ៉ាងច្រើនកុះករ បានសម្រុកទៅលេងនៅភ្នំបាណន់ខេត្តបាត់ដំបង ដែលជាទីកន្លែងមានណូរីបើកបរដឹកភ្ញៀវទេសចរទស្សនាកម្សាន្ដទេសភាពជុំវិញភ្នំបាណន់នោះ ។
លោក ក្រម សារឿយ នគរបាលចរាចរណ៍ប្រចាំនៅភ្នំបាណន់ បានឱ្យដឹងថា ភ្ញៀវទេសចរបរទេស គេបានចាប់អារម្មណ៍ជាមួយការជិះណូរីនេះខ្លាំងណាស់ ព្រោះ ស្រុកគេមិនមានណូរីបែបនេះឡើយ ។ លើសពីនេះ នៅកម្ពុជា មានណូរី ដែលមានលក្ខណៈប្លែកត្រង់ថា ធ្វើពីឫស្សី មានកង់តូចៗ និង ប្រើម៉ាស៊ីនធម្មតា ។
ក្រៅពីនេះ ភ្នំបាណន់ជាកន្លែងមានសក្តានុពលទេសចរណ៍ ព្រោះនៅទីនោះ មានប្រាសាទបាណន់ដ៏ចំណាស់ និង អាចជិះណូរីទស្សនាទេសភាព ដូចជា ព្រៃភ្នំ ចម្ការដំឡូង ចេក និង ចម្ការស្វាយជាដើម ហើយតម្លៃសំបុត្រ គឺ១ម៉ឺនរៀល សម្រាប់ជនជាតិខ្មែរ តែក្មេងៗអត់គិតលុយឡើយ ។
សម្រាប់តម្លៃជិះណូរី ភ្ញៀវខ្មែរ ១ម៉ឺនរៀល និង ភ្ញៀវបរទេស គឺមានតម្លៃ២ម៉ឺនរៀលក្នុងម្នាក់ សព្វថ្ងៃ រមណីយដ្ឋាននេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពលរដ្ឋ ជាពិសេស បានផ្តល់ការងារដល់កម្មករជិត ១០០ នាក់ផងដែរ ៕
ដោយ៖សុថាត់ (រូបរតៈ Heng Van Mork )