គ្រាន់តែឃើញទេសភាព រមណីយដ្ឋាន អន្លង់ជ្រៃ ចង់ទៅលេងភ្លាម
គ្រាន់តែរដូវវស្សាចូលមកដល់ភ្លាម រមណីយដ្ឋាន អន្លង់ជ្រៃ ពិតជាមានភាពទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង ពិសេសនៅអំឡុងពេលបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ ដែលមានភ្ញៀវទេសចរយ៉ាងច្រើនបាននាំគ្នាទៅសម្រាកលំហែរកាយនៅទីនោះ ។
រមណីយដ្ឋាន អន្លង់ជ្រៃ មានទីតាំងស្ថិតនៅ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បើយើងធ្វើដំណើរចេញពីភ្នំពេញ បត់តាមស្ពានព្រែកតាមាក់ រហូតដល់រង្វង់មូលស្វាយអន្ទរ រួចបន្តដំណើរប្រមាណជា ៤០ គីឡូម៉ែត្រទៀត ដោយបត់ទៅទិសខាងកើតឆ្ពោះទៅកាន់ស្រុកពញាក្រែកនោះនឹងឃើញរមណីយដ្ឋានអន្លង់ជ្រៃ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៨ ។
នៅថ្ងៃធម្មតា រមណីយដ្ឋាន អន្លង់ជ្រៃ មិនសូវមានភ្ញៀវទេសចរចាប់អារម្មណ៍ទៅកម្សាន្តប៉ុន្មានឡើយ តែបើនៅថ្ងៃបុណ្យទានវិញរកតែខ្ចុសអង្គុយលេងសឹងតែមិនបាន ។
នៅទីនោះមានទំនប់ទឹកយ៉ាងធំសម្រាប់លេងកម្សាន្ត បរិយាកាសបរិសុទ្ធ មានលក់ម្ហួបអាហារឆ្ងាញ់ៗដូចជា មាន់ដុត កង្កែបបោក សាច់គោអាំង ត្រីអាំង និង ម្ហួបជាច្រើនមុខទៀត ដែលមានតម្លៃសមរម្យ ហើយអ្វីដែលរិតតែធ្វើឱ្យភ្ញៀវទេសចរមើលពីចម្ងាយមានការចាប់អារម្មណ៍ទៀតនោះ គឺ មានលំនៅដ្ឋានសង់ជាជួរៗ យ៉ាងស្រស់ស្អាត ដែលសាងសងដោយ សម្តេច ហេង សំរិន ៕
ដោយ៖សុថាត់