គ្រាន់តែមើលរូបភាពតំបន់ភ្នំវាលធំ នៃឧទ្យានជាតិវីរ:ជ័យក៏មានអារម្មណ៍ស្រស់ស្រាយដែរ !
ប្រសិនបើយើងបានទៅដល់ខេត្តរតនគិរី លោកអ្នកគួរតែចំណាយពេលមួយថ្ងៃដើម្បីទៅទស្សនា តំបន់ភ្នំវាលធំ ក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិវីរ:ជ័យ ។ នៅទីនោះនឹងធ្វើឱ្យលោកអ្នក ទទួលបាននូវទស្សណីយភាពថ្មីមួយទៀត នាចុងរដូវវស្សានេះ ដែលធ្វើឱ្យអារម្មណ៍របស់លោកអ្នក ស្រស់ស្រាយ បំបាត់នូវទុក្ខកង្វល់បែបធម្មជាតិពិតៗ ។
ឧទ្យានជាតិវិរៈជ័យមានទីតាំងនៅភាគឦសានប្រទេសកម្ពុជាបានលាតសន្ធឹងគ្របដណ្តប់ខេត្តរតនគិរី និង ស្ទឹងត្រែង ។ ឧទ្យាននេះមានព្រំប្រទល់ជាប់ប្រទេសលាវ និង វៀតណាម ហើយមានផ្ទៃក្រឡា ៣ ៣២៥ គីឡូម៉ែត្រក្រឡា និង ស្ថិតនៅភាគនិរតីនៃប្រជុំជួរភ្នំអាណាម ដែលចេញពីប្រទេសវៀតណាម និង ស្ថិតនៅជាយវាលព្រៃជម្រុះស្លឹកឥណ្ឌូចិនកណ្តាល ។
ឧទ្យានជាតិវិរៈជ័យ ត្រូវបានគេចាត់ទុកជាដែនជម្រកមួយសម្រាប់ពពួកថនិកសត្វធំៗរបស់ប្រទេសកម្ពុជា មានដូចជាខ្ទីង ទន្សោង ក្របីព្រៃ ដំរី ខ្លាដំបង ខ្លារខិន ជាដើម ។
ឧទ្យានជាតិវីរៈជ័យ ភាគច្រើនជាប្រភេទព្រៃពាក់កណ្តាលស្រោង និង ព្រៃស្រោងបៃតង ទិដ្ឋភាពចម្រុះរបស់ឧទ្យានជាតិនេះ ក៏បង្កប់ផងដែរនូវតំបន់ទំនាបលិចទឹក វាលស្មៅ ព្រៃឫស្សី ព្រៃចម្រុះ ជ្រុះស្លឹក និង ព្រៃជ្រុះស្លឹកសុទ្ធ ។
ឧទ្យានជាតិនេះអាចជាដែនជម្រកព្រៃឈើនៅសល់ចុងក្រោយគេបំផុត ដែល មានរុក្ខជាតិ ប្រចាំតំបន់ចាំបាច់ត្រូវការពារ ។ មានទន្លេធំៗពីរ គឺទន្លេសេសាន នៅភាគខាងត្បូង និង ទន្លេសេកុង នៅភាគខាងលិច ជាប់នឹងឧទ្យានជាតិ ៕
ដោយ៖សុថាត់