រមណីយដ្ឋានអាតោដួងចិត្ត ឃើញហើយចង់ទៅលេងភ្លាម ! (វីដេអូ)
រមណីយដ្ឋានអាតោដួងចិត្ត កាលពីមុនពុំមានការចាប់អារម្មណ៍ប៉ុន្មានឡើយ ប៉ុន្តែចាប់តាំងពីរដ្ឋាភិបាលបានធ្វើប្រព័ន្ធធារាសាស្ត្រនៅទីនោះរួចមក នៅទីនោះក៏បានប្រែក្លាយទៅជារមណីយដ្ឋានដ៏មានប្រជាប្រិយភាពមួយ នៅទឹកដីភាគខាងលិចប្រទេសកម្ពុជា ។
រមណីយដ្ឋាន អាតោដួងចិត្ត ឬ ទំនប់អាងទឹកស្ទឹងស្រែង ២ ពេលនេះមិនគ្រាន់តែបម្រើឱ្យការស្រោចស្រប់វិស័យកសិកម្មប៉ុណ្ណោះទេ វាកំពុងទាក់ទាញភ្លៀវទេសចរជាតិ និង អន្តរជាតិជាច្រើនឱ្យចូលទៅទស្សនានៅទីនោះជារៀងរាល់ថ្ងៃ ជាពិសេសថ្ងៃបុណ្យ ថ្ងៃឈប់សម្រាក ឬ ថ្ងៃធម្មតា ហើយនៅក្នុងថ្ងៃភ្ជុំបិណ្ឌរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានភ្ញៀវទេសចរទៅកម្សាន្តនៅទីនោះ ពី ៤ ០០០ នាក់ទៅ ៥ ០០០ នាក់ក្នុង១ថ្ងៃៗ ។
រមណីយដ្ឋានអាតោដួងចិត្តឬទំនប់អាងទឹកស្ទឹងស្រែង២ ស្ថិតនៅក្នុង ស្រុកចុងកាល់ ក្រុងសំរោង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និង មួយផ្នែកនៅក្នុងស្រុកស្រីស្នំ នៃខេត្តសៀមរាប ទំនប់អាងទឹកនេះមានប្រវែង ២ ៨០០ម៉ែត្រ តភ្ជាប់ពី ភ្នំកំបោរ ទៅ ភ្នំរូងដែក មានសមត្ថភាពស្តុកទឹកបាន ២៥៩ លានម៉ែត្រគូប ដែលបានបញ្ចប់ការសាងសង់កាលពីខែមីនា ឆ្នាំ ២០១៧ ដែលអាច ស្រោចស្រប់ លើផ្ទៃដីជាង ២៥ ០០០ ហិកតា ក្នុង ខេត្តចំនួន ៣ គឺ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និង ខេត្តបន្ទាយមានជ័យ ។
មូលហេតុ ដែលនាំឱ្យតំបន់ទេសចរណ៍ធម្មជាតិអាតោដួងចិត្តមានភាពទាក់ទាញ ដោយសារតំបន់នោះ មានទឹកត្រជាក់ មានជម្រៅដល់៣០ម៉ែត្រ សំបូរទៅដោយត្រីធម្មជាតិធំៗ ធ្វើឱ្យប្រជាពលរដ្ឋចង់ងូតទឹកលេងកម្សាន្ត ថែមទាំងមានខ្យល់អាកាស ល្អបរិសុទ្ធជាប់នឹងជើងភ្នំអាតោនោះទៀតផង ៕
ដោយ៖សុថាត់