ភ្ញៀវទេសចរទៅទស្សនាតំបន់ទន្លេសាប មិនចាញ់ប្រាសាទអង្គរវត្តឡើយ
ឆ្លងតាមការវាយតម្លៃរបស់ក្រសួងទេសចរណ៍បានបង្ហាញថា តំបន់ទន្លេសាបជាគោលដៅទេសចណ៍ប្រកបដោយភាពទាក់ទាញបន្ទាប់ពីតំបន់អង្គរ ដោយទេសចរប្រមាណជា ៥០ ភាគរយបានទៅទស្សនាតំបន់ទន្លេសាបនោះ ។
ក្នុងនោះ តំបន់ចុងឃ្នៀសទទួលភ្ញៀវទេសចរបានប្រមាណពី ១០០០-១៥០០នាក់ ក្នុងមួយថ្ងៃ និង សហគមន៍ទេសចរណ៍កំពង់ភ្លុក ទទួលបានទេសចរប្រមាណជា ៨០០-១០០០នាក់ក្នុងមួយថ្ងៃ ហើយក្រៅពីនេះទេសចរបានទៅទស្សនានៅសហគមន៍ជ្រាវ មេជ្រៃ និង សហគមន៍ទេសចរណ៍ផ្សេងៗទៀត ។
បច្ចុប្បន្នភ្ញៀវទេសចរអន្តរជាតិទៅទស្សនាតំបន់អង្គរមានប្រមាណ ៦ ០០០ នាក់ក្នុងមួយថ្ងៃ ហើយនៅពេលរដូវមានភ្ញៀវច្រើន (High Season) ទេសចរកើនដល់ប្រមាណជា ១០ ០០០ នាក់ក្នុងមួយថ្ងៃ ។
ការបង្ហាញតួលេខនេះគឺនៅពេល ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដឹកនាំមន្ត្រីចុះត្រួតពិនិត្យការងារទេសចរណ៍នៅចុងឃ្នៀស សហគមន៍ទេសចរណ៍កំពង់ភ្លុក និង ជ្រាវ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៨ ។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានចុះពិនិត្យស្ថានភាព និង ការគ្រប់គ្រងអាជីវកម្មទេសចរណ៍ សន្តិសុខ សុវត្ថិភាពទេសចរណ៍ អនាម័យ បរិស្ថាន និង កាណូតដឹកជញ្ជូនភ្ញៀវទេសចរនៅតំបន់ទេសចណ៍ចុងឃ្នៀស សហគមន៍ទេសចណ៍កំពង់ភ្លុក និង សហគមន៍ទេសចរណ៍ជ្រាវ ខេត្តសៀមរាប ដោយបានជួបប្រជុំជាមួយប្រធានសមាគមកាណូត អ្នកគ្រប់គ្រងផែទេសចរណ៍ ប្រធានសហគមន៍ទេសចរណ៍ អាជ្ញាធរមូលដ្ឋាន លោកមេឃុំ សមត្ថកិច្ចពាក់ព័ន្ធ និង ប្រជាពលរដ្ឋនៅតំបន់ទាំងនោះផងដែរ ៕
ដោយ៖ សុថាត់