បុណ្យទន្លេឆ្នាំ ២០១៩ ធ្វើនៅខេត្តកំពង់ឆ្នាំង !
នៅក្នុងកិច្ចប្រជុំនាចុង ខែតុលា ឆ្នាំ ២០១៨ រវាងក្រសួងទេសចរណ៍ និង អាជ្ញាធរពាក់ព័ន្ធ បានកំណត់យកខេត្តកំពង់ឆ្នាំង ដើម្បីរៀបចំពិធីបុណ្យទន្លេ រយៈពេល ៣ ថ្ងៃ នៅក្នុងខែមីនា ឆ្នាំ ២០១៩ ខាងមុខនេះ ក្រោមប្រធានបទ« ទន្លេនៃជីវិត សុភមង្គល និង កំណើនទេសចរណ៍ » ។
ក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អាជ្ញាធរខេត្ត និង មន្ទីររាជការជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក នៅក្នុងកិច្ចពិភាក្សាផែនការបុណ្យទន្លេនៅក្នុងខេត្តកំពង់ឆ្នាំង ដោយត្រូវយកចិត្តទុកដាក់អប់រំអាជីវករ និង ប្រជាពលរដ្ឋឱ្យចេះធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវ អ្នកលក់ដូរក្នុងភោជនីយដ្ឋាន អាហារដ្ឋាន ត្រូវតែមានឯកសណ្ឋានត្រឹមត្រូវ និង មានសេវាកម្មល្អក្នុងការបម្រើភ្ញៀវ ដោយត្រូវមានអាហារឆ្ងាញ់ មានអនាម័យល្អ បរិស្ថានល្អ ដើម្បីទទួលភ្ញៀវដែលមកលេងកម្សាន្តក្នុងពិធីបុណ្យទន្លេឱ្យបានល្អ ។
ដោយឡែកតាម ផ្ទះសំណាក់ និង សណ្ឋាគារ សូមកុំតម្លើងថ្លៃ ចំណែកតាមផ្ទះប្រជាពលរដ្ឋនៅក្នុងក្រុង សូមរៀបចំឱ្យបានស្អាតបាតមានរបៀបរៀបរយ មានភ្លើងអគ្គិសនី មានបន្ទប់ទឹកស្អាត មានអនាម័យល្អ ដើម្បីទទួលភ្ញៀវដែលមកស្នាក់នៅលេងកម្សាន្តនៅក្នុងពិធីបុណ្យ បើផ្ទះសំណាក់ពេញហើយនោះ ភ្ញៀវ និង មកជួលផ្ទះប្រជាពលរដ្ឋយើងហើយ ចំណែកម៉ូតូឌុប រ៉ឺម៉កម៉ូតូត្រូវមានអាវកាក់ និង មានការគ្រប់គ្រងបានល្អ ។
អាជ្ញាធរខេត្តមានគម្រោងរៀបចំតុបតែងខ្លោងទ្វាររូបភាពធំៗចំនួន១៧ ក្លោងទ្វាតូចៗចំនួន ២២ នៅក្នុងទីក្រុងកំពង់ឆ្នាំង និង នៅតាមផ្លូវជាតិលេខ ៥ និង ផ្លូវក្នុងខេត្តផងដែរ ដើម្បីស្វាគមន៍ក្នុងការធ្វើបុណ្យទន្លេ នៅក្នុងខែមិនា ឆ្នាំ២០១៩ ។
នៅក្នុងកម្មវិធី៣ថ្ងៃនៃបុណ្យទន្លេនេះ ក៏មានកម្មវិធីនានាជាច្រើនផងដែរ សម្រាប់លេងកម្សាន្តផងដែរមានដូចជា ការរត់ប្រណាំងកម្សាន្តចម្ងាយ ៣ ទៅ ៥ គីឡូម៉ែត្រ ពិធីដាំដើមឈើអនុស្សាវរីយ៍ ការប្រណាំងទូក ២២ គូ ការតាំងពិពណ៌សិប្បទេសចរណ៍ ផលិតផលខ្មែរ ការប្រកួតកីឡាអុកចត្រង្គ ប្រដាល់គុនខ្មែរ ថៃ ចំបាប់បុរាណ និង ក្បាច់គុនល្បុកតោ កីឡាហែលទឹកឆ្លងទន្លេ ៩០០ ម៉ែត្រ ការប្រកួតកីឡាបាល់ទាត់ បាល់ទះ មិត្តភាព ការប្រកួតកីឡាប្រណាំងកង់ ៥ គីឡូម៉ែត្រ ជិះកង់កម្សាន្ត១២គីឡូម៉ែត្រ កម្មវិធីសិល្បៈ ប្រគុំតន្ត្រី មហោស្រពម្ហូបអាហារ និង ភេសជ្ជៈ មាន ២៤០ ស្តង់ និង កាបាញ់កាំជ្រូចអបអរសាទរកម្មវិធីបើកជាផ្លូវការ បុណ្យទន្លេលើកទី៥ នាឆ្នាំ២០១៩ខាងមុខនេះ ៕
ដោយ៖សុថាត់