រមណីយដ្ឋានដូងទេរមានទេសភាពទាក់ទាញខ្លាំង !
ដូងទេរ ជារមណីយដ្ឋានថ្មីមួយ ដែលទើបតែបង្កើតឡើង បានរយៈពេលជាងមួយឆ្នាំប៉ុណ្ណោះ នៅទីនោះភ្ញៀវទេសចរអាចអង្គុយលើក្បួន និង ហែលទឹកលេងកម្សាន្តបានយ៉ាងសប្បាយរីករាយ។
រមណីយដ្ឋានដូងទេរនេះ ស្ថិតនៅក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត គឺនៅជាប់នឹងព្រែកកំពត ដោយមានការតុបតែងជារបៀបជនបទ មានសម្ភារៈជារបស់ក្នុងស្រុកដូចជា ឈើ ឫស្សី ស្បូវ ជាដើម ដើម្បីឱ្យស៊ីគ្នាជាមួយធម្មជាតិបៃតងតាមមាត់ព្រែក។ រមណីយដ្ឋាននេះ មានចម្ងាយប្រមាណជា៧គីឡូម៉ែត្រពីក្រុងកំពត ឬ ហួសវត្តស្នំប្រាំពីរប្រមាណជា១គីឡូម៉ែត្រ និង មានប៉ាណូមួយបiង្ហាញផ្លូវនៅខាងស្តាំដៃទិសដៅក្រុងកំពត-ទឹកឈូ។
រមណីយដ្ឋាន ដែលយកឈ្មោះដើមដូងដុះប្របមាត់ព្រែកកំពតនេះ ត្រូវបានគេកែច្នៃឱ្យមានឆ្នេរខ្សាច់វែងល្មមមួយ ដូចទៅនឹងសមុទ្រដែរ ដែលអ្នកទៅកម្សាន្តនៅទីនោះ អាចមានអារម្មណ៍ថា ហាក់ដូចជាបានទៅលេងនៅសមុទ្រអ៊ីចឹងដែរ។ នៅរមណីយដ្ឋាន ដូងទេរ មានដូចជា ទោង បាល់ខ្យល់ ទូកខាយ៉ាក ក្តាររំអិល ក្បូន និង បឹងកាឡូ ដើម្បីឱ្យភ្ញៀវស្នាក់នៅផងដែរ៕
ដោយ÷សុថាត់