ខែនេះទៅលេងសៀមរាប កុំភ្លេចចាប់ប្លង់ថតរូបនៅប្រាសាទបាពួន ប្លង់ល្អស្អាតៗវាលស្មៅខៀវខ្ចី ថតឃើញស្អាតណាស់
ខេត្តសៀមរាប ជាខេត្តមួយមានទីតាំងនៅក្បែរបឹងទន្លេសាប ភាគពាយ័ព្យនៃប្រទេសកម្ពុជា ហើយសព្វថ្ងៃនេះខេត្តសៀមរាបក៏ត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាតំបន់ទេសចរណ៍ដ៍សំខាន់មួយរបស់ប្រទេសកម្ពុជា ដោយសារខេត្តនេះមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និង ប្រាសាទបុរាណដទៃទៀតជាច្រើន។
នាពេលថ្មីៗនេះ ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំណើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើម ដែលបម្រើឱ្យវិស័យទេសចរណ៍។ រមណីយដ្ឋានផ្សេងទៀតដែលនៅក្បែរក្រុងសៀមរាបមានរាជធានីអង្គរធំ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង ប្រាសាទបក្សីចាំក្រុង ប្រាសាទបាពួន ប្រាសាទភិមានអាកាស ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម និង ប្រាសាទរាប់រយផ្សេងទៀត។
យ៉ាងណាមិញ ក្រៅពីប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជា ថ្មីៗនេះភ្ញៀវទេសចរជាច្រើនទាំងភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិ ហាក់មានការចាប់អារម្មណ៍ជាខ្លាំង ចំពោះប្រាសាទបាពួន ដែលមានទីតាំងស្ថិតនៅផ្លូវចូលទៅកាន់ទ្វារដីឆ្នាំង ស្ថិតនៅបន្ទាប់ពីប្រាសាទបាយ័ន និង ក្បែរព្រះពន្លាជល់ដំរី។
ទន្ទឹមនឹងគេឈ្មោះដ៏ល្បីរបស់ប្រាសាទនេះ ប្រាសាទបាពួន ក៏ជាប្រាសាទភ្នំមួយតំណាងឱ្យភ្នំសុមេរុ មានសា្ថបត្យកម្មស្អាត គួរឱ្យចង់ថតរូបលេងកម្សាន្តស្អាតៗ ព្រោះនៅចំពីមុខតួប៉មរបស់ប្រាសាទបែរមុខទៅទិសខាងកើត តំណាងឱ្យសិរីសួស្តី មានស្ពានមួយប្រវែង ២០០ ម៉ែត្រទទឹងប្រវែង ២.៥ ម៉ែត្រ ទ្រដោយសសរចំនួន ៥៤៧ ដើមរៀបគ្នាជាជួរយ៉ាងស្មើ។
គួរដឹងដែរថា សំណង់ប្រាសាទបាពួន ឬ បាភួននេះដែរគឺ កសាងដោយថ្មភក់ស្រោបពីខាងក្រៅ រីឯពំនូតដី និង ថ្មបាយក្រៀមត្រូវបានធ្វើជាខឿនស្ថិតនៅផ្នែកខាងក្នុង ដោយតួរបស់ប្រាសាទមាន ៣ ថ្នាក់ ហើយបើបានទៅលេងប្រាសាទនេះក្នុងខែវស្សាទៀតភ្ញៀវទេសចរនឹងទទួលបាននូវអារម្មណ៍ប្លែកថ្មីមួយ ជាមួយអាកាសធាតុដ៏ត្រជាក់ និង ទេសភាពមានស្លឹកឈើខៀវខ្ចី ដែលនេះជាឱកាសល្អបំផុតសម្រាប់ភ្ញៀវទេសចរណាចូលចិត្តថតរូបលេង ដោយអាចចាប់ប្លង់ពីខាងមុខប្រាសាទក៏បាន ឬ ឈរថតចេញពីលើស្ពានក៏បាន ដើម្បីបានឃើញទិដ្ឋភាពខាងមុខប្រាសាទទាំងមូល៕
រូបភាពដោយ ៖ Weekend Trip