ដំណឹងល្អ! អ្នកចង់ចូលទស្សនាព្រះបរមរាជវាំង ឥឡូវនេះអាចចូលបានជារៀងរាល់ថ្ងៃ
នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣ នេះ សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំក្រសួងព្រះបរមរាជវាំង បានប្រាប់ពីដំណឹងល្អមួយថា ឥឡូវនេះព្រះបរមរាជវាំង នឹងបើកឱ្យចូលទស្សនារៀងរាល់ថ្ងៃ។
យោងតាមសារបង្ហោះជាព័ត៌មានរបស់ សសយក ក្រសួងព្រះបរមរាជវាំង បានឱ្យដឹងថា ព្រះបរមរាជវាំង អាចចូលទស្សនាបានរៀងរាល់ថ្ងៃ ដោយសំបុត្រមួយមានតម្លៃ ១ ០០០ រៀល សម្រាប់ភ្ញៀវជាតិ និង ១០ ដុល្លារក្នុងមួយនាក់សម្រាប់ភ្ញៀវបរទេស ប៉ុន្តែការចូលក្នុងព្រះបរមរាជវាំងគឺ តម្រូវឱ្យអ្នកទេសចរទាំងអស់ពាក់ម៉ាស់ ហើយសម្រាប់ម៉ោងដែលភ្ញៀវទេសចរអាចចូលទស្សនាបានមាន ២ ពេលគឺ ពេលព្រឹកចាប់ពីម៉ោង ៨ ដល់ម៉ោង ១១ ហើយពេលថ្ងៃចាប់ពីម៉ោង ២ ដល់ម៉ោង ៥ ល្ងាច។
គួរឱ្យដឹងដែរថា ព្រះបរមរាជវាំង មានទីតាំងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ក្បែរចំណុចប្រសព្វនៃទន្លេធំទាំងបួន ដែលគេហៅថា ទន្លេចតុមុខ ហើយនេះគឺជា លក្ខណៈពិសេសនៃព្រះបរមរាជខ្មែរ និង ជាបុព្វហេតុ ដែលគេប្រសិទ្ធនាមព្រះបរមរាជវាំងនេះថា «ព្រះបរមរាជវាំងចតុមុខមង្គល» ផងដែ។ ចំណែកឯការស្ថាបនាព្រះបរមរាជវាំងចុងក្រោយ បានរៀបចំឡើងនៅភ្នំពេញ ចំនួន ២ លើក ដោយលើកទី ១ ក្នុងឆ្នាំ ១៤៣៤ (រជ្ជកាលព្រះបាទពញាយ៉ាត) និង លើកទី ២ ក្នុងឆ្នាំ ១៨៦៦ (ក្នុងរាជ្យព្រះបាទនរោត្ដម) ប៉ុន្តែត្រូវរុះរើសាងសង់ជាថ្មី នៅឆ្នាំ ១៩១៣ ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ រហូតមកដល់សព្វថ្ងៃ។
គួរបញ្ជាក់ដែរថា សំណង់ទាំងឡាយក្នុងព្រះបរមរាជវាំង ត្រូវបានគេកសាងឡើងទៅតាមស្ថាបត្យកម្មប្រពៃណីជាតិ ដោយអ្នកឧកញ៉ាទេពនិម្មិត ម៉ក់ ជាស្ថាបត្យករដ៏ឆ្នើម ហើយប្រាសាទជាច្រើនមានរាងបង្អួតសង្ហារ ទៅតាមក្បូរក្បាច់រចនា មានដំបូលច្រើនជាន់ ប្រក់ក្បឿងពណ៌មាស និង មានប្រាង្គកណ្ដាលសារពើសូត្រ កំពូលស្រួចបាញ់ទៅលើ ដែលជានិមិត្តរូបនៃការរីកចម្រើនមិនចេះចប់៕
រូបភាពដោយ ៖ Chanchhaya Phnom Penh Palace