ល្ងាចថ្ងៃអាទិត្យចង់ Bar Hopping មិនបាច់ដើរឆ្ងាយ ៥ កន្លែងនេះ បរិយាកាសមួយអ៊េម ថតដាក់ Story មួយឆ្ងាញ់
ល្ងាចថ្ងៃចុងសប្តាហ៍ «ប្រជាប្រិយ» សូមនាំប្រិយមិត្តទៅស្គាល់កន្លែងអង្គុយលម្ហែអារម្មណ៍ជាមួយភេសជ្ជៈត្រជាក់ៗ អមដោយ Vibe ប្លែកៗនៅក្នុងប្លុកបាសាក់ឡេន។ ជាការពិតណាស់ ប្លុកបាសាក់ឡេនជាកន្លែងស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តទេសចរណ៍បារ-តពីកន្លែងមួយទៅកន្លែងមួយ ឬ គេហៅថា Bar Hopping ដោយហេតុប្លុកនេះប្រមូលផ្តុំទៅដោយបារតូចៗជាច្រើន សំខាន់វាស្ថិតនៅចំកណ្តាលក្រុងអំណោយផលបំផុតសម្រាប់ភ្ញៀវខ្មែរ និង បរទេស។ ខាងក្រោមនេះជាបារ ៥ កន្លែង ដែលអ្នកមិនគួររំលងពេលចង់កម្សាន្ត-តពីបារមួយទៅបារមួយ ៖
១. White Rabbit
White Rabbit ឬ ទន្សាយស ជាបារតូចច្រឡឹងរៀបចំឡើងបែបលាក់ខ្លួនជិត តែបរិយាកាសហាក់ដូចដាច់ឆ្ងាយពីគេ។ ទន្សាយសជានិមិត្តសញ្ញាដ៏ពិសេស និង តំណាងជាផ្នែកមួយសំខាន់នៃបុគ្គលិកលក្ខណៈរបស់បារ។ បារនេះរចនាឡើងដោយសម្រាំងដកស្រង់ពីប្រភពផ្សេងៗគ្នាដូចជា សម័យមហាក្សត្រីយានីវិចតូរីយ៉ាអង់គ្លេស និង សង្ហារិមសម័យស្តេច Louis IV។
២. Harry’s
មកដល់បារនេះ យើងអាចអង្គុយនៅខាងក្រោមក៏បាន ឬចង់បានកន្លែងទូលាយ ឬ ជួបជុំមានគ្នាច្រើន អាចឡើងទៅខាងលើជាមួយបរិយាកាសស្រឡះសមល្មមមួយបែប។ ជាមួយការរៀបចំបរិយាកាសបែប Vintage ទីនេះយើងអាចរីករាយជាមួយការក្រេបស្រាក្រហម ស្រាក្រឡុក និង ស្រាបៀរ ទៅតាមចំណង់ចំណូលចិត្ត។ គួរឱ្យដឹងដែរថា Harry’s និង White Rabbit គឺជាបារដែលបើកដំបូងគេបង្អស់នៅក្នុងប្លុកបាសាក់ឡេន។
៣. Margarita Cocktail Bar
ប្លែកទាំងអារម្មណ៍ ប្លែកទាំងការថតរូប ទីនេះមានការតុបតែងបែបជាកន្លែងលេងភ្លើងពណ៌ចម្រុះទាក់ទាញត្រូវចិត្តយុវវ័យ។ មានជម្រើសភេសជ្ជៈរាប់តាំងពីស្រាបៀរ ស្រាក្រហម ស្រាក្រឡុកក្លាសិក រហូតដល់ភេសជ្ជៈសុខភាព។ បើបានទៅកុំភ្លេចកុម្មង់ស្រាក្រឡុកដែលជាប់ពានរង្វាន់ផងណា៎។ ជាពិសេសមាន Happy Hour ទិញ ១ ថែម ១ ចាប់ពីម៉ោង ៥ ល្ងាច ដល់ម៉ោង ៧ យប់។
៤. Cancan
ចង់ទទួលយកបទពិសោធរសជាតិអាហារឈ្ងុយឆ្ងាញ់ ស្រាក្រឡុករសជាតិបែបច្នៃប្រតិដ្ឋ ថែមទាំងមានការបង្រៀនរាំទៀតនោះ កុំភ្លេចគម្រោង-តចូលមកបារមួយនេះ។ ការពិតណាស់ ទីនេះមានកម្មវិធីបង្រៀនរាំចង្វាក់បរទេសផ្សេងៗ និង មានឌីជេចាក់ភ្លេងរាំលេងកម្សាន្តចាប់ពីថ្ងៃព្រហស្បត្តិ៍រហូតដល់ថ្ងៃសៅរ៍។
៥. Back Street Bar
ជាបារបែបខាងក្រៅរៀបចំលក្ខណៈបែបអង្គុយនៅសួនច្បារ ទីនេះមានការពេញនិយមខ្លាំងពីសំណាក់ភ្ញៀវបរទេស និង ភ្ញៀវក្នុងស្រុក។ នៅចុងសប្តាហ៍មានឌីជេចាក់ភ្លេងរាំលេងកម្សាន្ត ជួនមានការសម្តែងប្លែកៗដូចជាសៀកភ្លើង ជាដើម៕