ចែកគ្នាស៊ែរទុក! រមណីយដ្ឋាន ៩ កន្លែង អ្នកទេសចរមិនគួររំលង ពេលទៅលេងខេត្តក្រចេះ
ខេត្តក្រចេះ ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា មានចម្ងាយ ៣៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ ៧ ហើយមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តមណ្ឌលគីរី ខាងលិចជាប់នឹងខេត្តកំពង់ធំ ខាងជើងជាប់នឹងខេត្តស្ទឹងត្រែង និង ខាងត្បូងជាប់នឹងខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និង ប្រទេសវៀតណាម។ ខេត្តនេះដែរ ចែកជាក្រុង ១ ស្រុក ៥ មាន ៥ សង្កាត់ ៤២ ឃុំ និង ២៥៨ ភូមិ។ យ៉ាងណាមិញ ខាងក្រោមនេះ គឺជា តំបន់ទេសចរណ៍ ៩ កន្លែង ដែលល្បីៗក្នុងខេត្ត និង ជាកន្លែងដែលអ្នកទេសចរគ្រប់រូប មិនគួរមើលរំលង ពេលបានទៅលេងខេត្តក្រចេះ។
១. សហគមន៍អេកូ-ទេសចរណ៍កោះសាមសិប
សហគមន៍អេកូ-ទេសចរណ៍កោះសាមសិប មានចម្ងាយ ៩៥ គីឡូម៉ែត្រពីខេត្តក្រចេះ ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០១៦ កន្លងទៅ ស្ថិតនៅក្នុងភូមិខ្សាច់លាវ ភូមិកោះខ្ញែរ និង ភូមិពន្ធជា គឺជាភូមិ ៣ ក្នុងចំណោមភូមិដ៏ទៃទៀត ដែលស្ថិតនៅជាប់តាមបណ្តោយដងទន្លេមេគង្គក្នុងខេត្តក្រចេះ។ សហគមន៍នេះដែរ គឺសម្បូរទៅដោយព្រៃឈើជាច្រើនប្រភេទ ដែលជាប្រភេទព្រៃរបោះ និង ពាក់កណ្តាលស្រោង ជាជម្រកសត្វព្រៃដ៍សំខាន់ដូចជា សត្វខ្ទីង ប្រើស ជ្រូកព្រៃ ក្ងោក ត្មាត ត្រយងចំកំ-ក-ស និង សម្បូរទៅដោយសត្វស្លាបរាប់រយប្រភេទ និង ត្រីដ៏សម្បូរបែប។ល។ ចំណែកក្នុងដែនសហគមន៍នេសាទទាំង ៣ វិញ សម្បូរដោយអន្លង់ទឹកជ្រៅ ទឹកជួរ សំបូរកោះ និង ព្រៃលិចទឹក ដែលជាជម្រកត្រីពងកូនដ៏សំខាន់ ដូចនេះពេលបានទៅដល់ទីនោះ អ្នកទេសចរ អាចជិះទូកមើលសត្វស្លាបច្រើនប្រភេទ បោះតង់នៅលើកោះ ដែលរៀបចំដោយប្រធានសហគមន៍ មើលទេសភាពថ្ងៃលិចតាមមាត់ទន្លេ និង ពិសារអាហារ ដែលរៀបចំដោយប្រជាសហគមន៍ ព្រមទាំងមានផ្ទះស្នាក់ក្នុងសហគមន៍ផងដែរ។
២. សហគមន៍អេកូ-ទេសចរណ៍កោះផ្តៅ
សហគមន៍អេកូ-ទេសចរណ៍កោះផ្តៅ ចម្ងាយ ៤៥ គីឡូម៉ែត្រពីខេត្តក្រចេះ កោះផ្តៅ និង សំភិន គឺជាភូមិ ២ ក្នុងចំណោមភូមិដ៏ទៃទៀត ដែលស្ថិតនៅលើកោះរងាវ ដែលជាកោះមួយវែងជាងគេបំផុតក្នុងចំណោមកោះដ៏ទៃទៀត ស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា។ ដើម្បីទៅដល់ភូមិនេះ អ្នកធ្វើដំណើរ ត្រូវធ្វើដំណើរតាមផ្លូវគោកប្រវែងប្រមាណ ៣៨ គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះទៅកាន់ស្រុកសំបូរ និង បន្តដំណើរតាមទូកពីស្រុកសំបូរទៅភូមិទាំងពីរខាងលើ ចម្ងាយ ៦ គីឡូម៉ែតទៀត។ កោះផ្តៅ និង សំភិន ជាភូមិរបស់ប្រជាជនដើមកំណើតខ្មែរ រស់នៅតាមបែបទំនៀមទម្លាប់បុរាណ ដោយនៅក្នុងតំបន់នេះសម្បូរទៅដោយធនធានធម្មជាតិដូចជា សត្វផ្សោតទន្លេមេគង្គ ព្រៃឈើ ទន្លេ ព្រែក អូរ សត្វព្រៃ សត្វស្លាប និង ត្រីជាច្រើនប្រភេទរបស់ទន្លេមេគង្គ។ ដូចនេះភ្ញៀវទេសចរ អាចជិះទូកទស្សនាសត្វផ្សោត និង សត្វស្លាបច្រើនប្រភេទ មើលទេសភាពថ្ងៃលិចតាមមាត់ទន្លេ ជិះម៉ូតូឌុបសហគមន៍ ជួលកង់ជិះទស្សនាសហគមន៍ ចូលរួមសកម្មភាព ជីកស្រះត្រី ស្រះកង្កែប ធ្វើទ្រុងមាន់ ទា និង សកម្មភាពដាំដុះផ្សេងៗនៅទីនោះ។
៣. សហគមន៍អេកូ-ទេសចរណ៍ធម្មជាតិកោះទ្រង់
សហគមន៍អេកូ-ទេសចរណ៍ធម្មជាតិកោះទ្រង់ គឺជាកោះមួយស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះទិសខាងលិច ប្រមាណ ១ គីឡូម៉ែត្រ និង ជាសង្កាត់មួយក្នុងចំណោមសង្កាត់់ទាំង ៥ នៃក្រុងក្រចេះ ខេត្តក្រចេះ។ កោះនេះ សម្បូរទៅដោយដីមានជីវជាតិ អំណោយផលដល់វិស័យកសិកម្ម មានសក្តានុពលនៃវិស័យអេកូ-ទេសចរណ៍បែបធម្មជាតិមួយដ៏ត្រកាល ក្នុងចំណោមតំបន់ជាច្រើនទៀតរបស់ខេត្តក្រចេះ មានឆ្នេរខ្សាច់អមដោយទឹកទន្លេថ្លាយង់នារដូវប្រាំង ដែលលាតសន្ធឹងតាមបណ្តោយកោះផ្នែកខាងកើត ទល់មុខនឹងទីរួមខេត្តក្រចេះ គួរជាទីគយគន់ និង ការធ្វើដំណើរកម្សាន្តដ៏មនោរម្យ របស់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ជាពិសេស គឺការស្រូបយកជំនោរដ៏បរិសុទ្ធពីធម្មជាតិ។ កោះទ្រង់ មានផ្ទះស្នាក់សហគមន៍ ម្ហូបអាហារ សួនដំាបន្លែ និង មានម៉ូតូឌុប រទេះសេះ រទេះគោ ជួលកង់ជិះកម្សាន្តជុំវិញកោះ មើលសត្វជ្រឹង ហើយអ្នកទេសចរ ក៍អាចធ្វើការបោះតង់លើឆ្នេរខ្សាច់ (ឆ្នេរផ្តើមស្នេហ៍) ដ៍ស្រស់ស្អាត ដែលអាចមើលឃើញសម្រស់ក្រុងក្រចេះ នាពេលរាត្រីផងដែរ។
៤. វត្តវិហារបុរាណរកាកណ្ដាល
វត្តវិហារបុរាណរកាកណ្ដាល មានទីតាំងស្ថិតនៅក្នុងសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ជាប់មាត់ទន្លេ ចម្ងាយ ២ គីឡូម៉ែត្រខាងត្បូងទីរួមខេត្តក្រចេះ ដែលជាវិហារបុរាណរមួយមានអាយុកាលប្រមាណ ២០០ ឆ្នាំមកហើយ និង ជាវិហារចាស់ជាងគេ ដែលនៅសេសសល់សព្វថ្ងៃ។ នៅឆ្នាំ ២០០១ សម្ព័ន្ធសិប្បកម្មនៃប្រទេសអាល្លឺម៉ង់ បានជួយជួសជុលកែលម្អឡើងវិញតាមលំនាំចាស់ទាំងស្រុង ហើយក៏បានបើកទ្វារជូនភ្ញៀវទេសចរចូលទស្សនា និង ទិញវត្ថុអនុស្សាវរីយ៍ធ្វើពីស្លឹកទ្រាំង និង ផ្ដៅ ដែលផលិតដោយសហគមន៍នៅតំបន់នោះ ព្រមទាំងជាកន្លែងមួយគួរជាទីចាប់អារម្មរបស់ភ្ញៀទេសចរជាតិ អន្តរជាតិ ដើរមើលក្បូរក្បាច់រចនានៃវិហារចំណាស់នេះ។
៥. រមណីយដ្ឋានភ្នំសំបុក
រមណីយដ្ឋានភ្នំសំបុក ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តមួយមានចម្ងាយ ១០ គីឡូម៉ែត្រតាមផ្លូវខេត្តលេខ ៣៧៧ ទៅស្ទឹងត្រែង ស្ថិតនៅឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលជាកូនភ្នំតូចមួយ មានកំពស់ប្រមាណ ៧០ ម៉ែត្រ ដោយទីភ្នំមាន ៣ ថ្នាក់ និង មានជណ្ដើរថ្មឡើង ៣ ជាន់ អាចឱ្យភ្ញៀវទេសចរឡើងទៅដល់ជាន់ទី ១ តាមជណ្ដើថ្ម ឬបើករថយន្ដឡើង វង់តាមផ្លូវចាក់ស៊ីម៉ង់បាន ហើយនៅលើភ្នំមានកូនវិហារ កុដិ និង តូបជាច្រើន ដែលជាទីស្នាក់នៅរបស់ ព្រះសង្ឃ និង តាជី យាយជី។ មិនតែប៉ុណ្ណោះ ជាន់នីមួយៗមានផ្លូវព័ទ្ធជុំវិញ និង មានបង់សម្រាប់ភ្ញៀវអង្គុយយកខ្យល់អាកាសត្រជាក់បរិសុទ្ធ និង គយគន់ទិដ្ឋភាពស្រែចម្ការភូមិអ្នកស្រុក និង ទន្លេមេគង្គ ហើយនៅទីនោះ ភ្ញៀវទេសចរ អាចដើកម្សាន្តលើភ្នំ ដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធ និងគយគន់ទេសភាពវាលស្រែ ព្រៃព្រឹក្សា និង ដងទន្លេមេគង្គដ៏ស្រស់ស្អាត ព្រមទាំងអាចទៅធ្វើសមាធិ (វិបស្សនា) បានផងដែរ។
៦. រមណីយដ្ឋានវត្តវិហារសសរ១០០
រមណីយដ្ឋានវត្តវិហារសសរ ១០០ ជារមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្រ្ត មានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ចម្ងាយ ៣៦ គីឡូម៉ែត្រពីទីរួមខេត្ត។ ស្រុកសំបូរ គឺជាអតីតរាជធានីខ្មែរ ពីសម័យចេនឡា ដែលមានឈ្មោះថា «សម្ភពបុរៈ» ហើយវិហារសសរ ១០០ ត្រូវបានសាងសង់លើកដំបូងក្នុងសតវត្សទី ១៦ ដោយព្រះបាទ ចន្ទរាជា។ វិហារនេះដែរ សង់ពីឈើ ដែលមានសសរចំនួន ១០០ ដើម ប៉ុន្តែនៅសម័យប៉ុល-ពត ព្រះវិហារត្រូវបានរុះរើបំផ្លាញអស់មួយភាគធំ ហើយវិហារនេះ ត្រូវបានជួសជុលជាបន្តបន្ទាប់ រួចក៏ត្រូវបានកសាងឡើងវិញពីឥដ្ឋ លើទីតាំងចាស់ ដែលមានសសរចំនួន ១២៦ ដើម។
៧. រមណីយដ្ឋាន តាព្រហ្ម
រមណីយដ្ឋាន តាព្រហ្ម គឺជារមណីយដ្ឋានធម្មជាតិមួយ មានចម្ងាយ ៦៥ គីឡូម៉ែត្រពីខេត្តក្រចេះ ស្ថិតនៅ ភូមិឃ្សឹម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដោយនៅទីនោះមានព្រែកមួយ មានទឹកថ្លាយង់នារដូវប្រាំង អមដោយទេសភាពព្រៃព្រឹក្សា ដុះអមសងខាងព្រែកយ៉ាងស្រស់ស្អាត និង មានដើមឫស្សីដុះទេរជាជួរនៅផ្នែកខាងលើនៃព្រែក យ៉ាងស្រស់ស្អាតផងដែរ។ នៅទីនេះ អ្នកទេសចរអាចសម្រាកលម្ហែ ពិសារអាហារថ្ងៃត្រង់ជាលក្ខណៈគ្រួសារ និង មុជទឹកលេងកម្សាន្តនារដូវប្រាំង ដែលមានទឹកថ្លាយង់។
៨. រមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី
រមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី ជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅលើដងទន្លេមេគង្គចម្ងាយ ១៦ គីឡូម៉ែត្រតាមផ្លូវលេខ៣៧៧ ខាងជើងទីរួមខេត្ត មានទីតាំងស្ថិតនៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ជាកន្លែងប្រជុំកូនកោះតូចៗជាច្រើន ព្រមទាំងមានឆ្នេរខ្សាច់ និង ជ្រលងទឹកហូរជាច្រើនសណ្ឋាន មានដើមរៃ ដើមរាំង និង ទឹកទន្លេថ្លាយង់នារដូវប្រាំង អាចឱ្យភ្ញៀវទេសចរមុជលេងកម្សាន្តបានយ៉ាងសប្បាយ។ រមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី មានលក្ខណៈជារដូវកាល គឺភ្ញៀវអាចទៅលេងកម្សាន្តបានតែក្នុងរដូវប្រាំង គឺចាប់ពីខែមករា ដល់ខែឧសភា តែប៉ុណ្ណោះ ហើយភ្ញៀវនិយមទៅលេងកម្សាន្តច្រើនជាងគេបំផុត គឺនៅរដូវបុណ្យចូលឆ្នាំខ្មែរ និង បុណ្យចូលឆ្នាំ ចិន-វៀតណាម។
៩. រមណីយដ្ឋានអន្លង់ផ្សោតកាំពី
រមណីយដ្ឋានអន្លង់ផ្សោតកាំពី ជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅចម្ងាយ ១៥ គីឡូម៉ែត្រតាមផ្លូវខេត្តលេខ ៣៧៧ ខាងជើងទីរួមខេត្ត មានទីតាំងស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុក ចិត្របុរី ខេត្តក្រចេះ ដែលនេះជាអន្លង់មួយធំជាងគេ ក្នុងចំណោម អន្លង់ ទាំង ៥ កន្លែងនៅក្នុងខេត្តក្រចេះ និង មានផ្សោតប្រមាណជាង ៣៩ – ៤០ ក្បាលរស់នៅ។ រមណីយដ្ឋានអន្លង់ផ្សោតកាំពី បានបង្កើតឡើងនៅចុងឆ្នាំ ១៩៩៩ សម្រាប់ឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ និង អ្នកវិទ្យាសាស្ត្រសិក្សាស្រាវជ្រាវ ដែលចូលចិត្តទៅកាន់ទីនោះ ដើម្បីមើល និង ធ្វើការសិក្សា ពីផ្សោតទន្លេមេគង្គ ដែលជាថនិកសត្វដ៏កម្រ នៅសេសសល់តិចតួចលើពិភពលោក៕