ល្អអ្វីម្ល៉េះ! កោះហាន នៅខេត្តស្ទឹងត្រែង ថតពីលើអាកាសឃើញទិដ្ឋភាពស្អាតឥតបី មានឆ្នេរខ្សាច់សក្បុស ប្របនឹងទឹកថ្លាឆ្វង់ គួរចង់ទៅលេងកម្សាន្ត
កោះហាន ត្រូវបានគេស្គាល់ថាជារមណីយដ្ឋានលម្ហែបែបធម្មជាតិមួយដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ជាកោះធម្មជាតិដ៏ធំមួយមានទេសភាពស្រស់បំព្រង មានព្រៃព្រឹក្សាធំៗដុះពីក្នុងទឹក បើមើលពីលើយើងឃើញមានឆ្នេរខ្សាច់សក្បុស ប្របនឹងនឹងទឹកថ្លាឆ្វង់ ស្រស់ត្រកាលគួរជាទីមនោរម្យក្រៃលែង។
នៅទីនោះ មិនថាក្នុងរដូវប្រាំង ឬ វស្សានោះទេ កោះហាន តែងតែផ្តល់នូវទិដ្ឋភាពដ៏ស្រស់បំព្រងដល់ក្រសែនេត្រាភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដោយសារតែពួកគេអាចដើរលម្ហែកាយតាមឆ្នេរខ្សាច់ ជិះទូកកាយ៉ាក់គយគន់ទេសភាពតាមដងទន្លេក្រោមម្លប់ត្រឈឹងត្រឈៃ ទស្សនាសត្វស្លាប ព្រៃឈើ ទស្សនាព្រះសុរិយាអស្តង្គត បោះតង់ពេលយប់ និង ដើរទស្សនាតាមភូមិឋានអ្នកស្រុក ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជននៅទីនោះផងដែរ។
យ៉ាងណាមិញ ដើម្បីទៅដល់ «កោះហាន» ប្រិយមិត្តត្រូវធ្វើដំណើរចេញពីទីរួមខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ស្រុកថាឡាបរិវ៉ាត់ ក្នុងចម្ងាយផ្លូវប្រមាណជា ៣០ គីឡូម៉ែត្រនោះ នឹងបានទៅដល់ កោះហាន ដែលស្ថិតនៅឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ប្រសិនបើលោកអ្នកចង់ទៅទស្សនានៅ កោះហាន អាចទាក់ទងទៅកាន់សហគមន៍ផ្ទាល់ក៏បាន តាមរយៈលេខទូរស័ព្ទ 0886700333 និង 087547292៕
រូបភាព ៖ ក្រសួងបរិស្ថាន / Chhorn Somphos