តស់! មកស្គាល់ប្រាសាទតាសោម ស្នាព្រះហស្ដដ៏ល្អឯក របស់ព្រះបាទជ័យវរ្ម័នទី ៧ ចុងសតវត្សទី ១២
ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ គឺជាយុគសម័យមាសនៃប្រវត្ដិសាស្ដ្រប្រទេសកម្ពុជានាសម័យមហានគរដ៏រុងរឿងនៃអាណាចក្រខ្មែរដែលលាតសន្ធឹងលើដែនដីអាស៊ីអាគ្នេយ៍។ ក្នុងនោះ ព្រះអង្គក៏បានសព្វព្រះរាជហឫទ័យកសាងប្រាសាទយ៉ាងច្រើនសន្ធឹកសន្ធាប់ពាសពេញផ្ទៃប្រទេសផងដែរ ដើម្បីគោរពបូជាតាមលទ្ធិព្រះពុទ្ធសាសនាមហាយាន និង មួយចំនួនទៀតឧទ្ទិសថ្វាយចំពោះព្រះរាជវង្សានុវង្សរបស់ព្រះអង្គ។
យ៉ាងណាមិញ នាពេលនេះមានទីតាំងប្រាសាទមួយកំពុងផ្ទុះការចាប់អារម្មណ៍ពីសំណាក់បងប្អូនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកខ្មែរនោះគឺប្រាសាទតាសោម។ សម្រាប់ប្រាសាទតាសោមមានទីតាំងស្ថិតនៅខាងកើតប្រាសាទនាគព័ន្ធ ប្រាសាទនេះបានកសាងដោយ ព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ និង ដើមសតវត្សទី ១៣ ដើម្បីឧទ្ទិសថ្វាយចំពោះព្រះពុទ្ធសាសនាមហាយាន។
ចំពោះសំណង់ប្រាសាទតាសោម ត្រូវបានសាងសង់ដោយថ្មភក់ និង ថ្មបាយក្រៀមមានកំពែងខណ្ឌចែកចំនួន២ជាន់ ហើយមានខ្លោងទ្វារចេញចូលចំនួនពីរបែរមុខទៅទិសខាងកើត និងទិសខាងលិច។ ខ្លោងទ្វារនីមួយៗមានលម្អមានមុខបួនធំៗដូចគ្នានឹងប្រាសាទបន្ទាយក្តី និង ប្រាសាទតាព្រហ្មដែរ។ ដោយឡែក ក្នុងបរិវេណខាងក្រៅប្រាសាទ គេសង្កេតឃើញមានរុក្ខជាតិតូចធំដុះខ្ពស់ៗចោលម្លប់ត្រឈឹងត្រឈៃ ធើ្វឱ្យអ្នកទេសចរជាតិ និង អន្តរជាតិចូលទស្សនាបានសុខកាយសប្បាយចិត្ដ ភ្លេចអស់នូវទុក្ខកង្វល់ទាំងពួង។
ដោយឡែក បើនិយាយពីចម្លាក់វិញគឺនៅមានភាពស្រស់ស្អាតច្រើនមិនចាញ់ប្រាសាទអង្គរវត្តប៉ុន្មានឡើយ ដ្បិតថាមានផ្នែកខ្លះរងការខូចខាតក៏ដោយ។ ដូចនេះ ប្រសិនជាបងប្អូនខ្មែរចាប់អារម្មណ៍ទៅទស្សនាអាចធ្វើដំណើរទៅកម្សាន្តបានដែលប្រាសាទមួយនេះស្ថិតក្នុងខេត្តសៀមរាប ៕