រៀបខោអាវទៅអ្នកអើយ! នៅសៀមរាប រៀបចំស្អាតបណ្ដើរៗហើយ ត្រៀមសម្រាប់បុណ្យទន្លេ ៤ ថ្ងៃទៀត
នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤ នេះ តាមរយៈផេក ដើរលេង-បែបសាមញ្ញ បានបង្ហាញពីទិដ្ឋភាពក្រុងសៀមរាប រៀបចំជាបណ្ដើរៗត្រៀមសម្រាប់ព្រឹត្តិការណ៍ ពិធីបុណ្យទន្លេលើកទី ៨ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និង ការអភិវឌ្ឍ»។
គួរឱ្យដឹងផងដែរថា ថ្មីៗនេះ ក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹងថា ក្រសួង និងស្ថានប័នពាក់ព័ន្ធមួយចំនួន នឹងរៀបចំពិធីបុណ្យទន្លេលើកទី ៨ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និង ការអភិវឌ្ឍ» នៅថ្ងៃទី ១៦-១៧ ខែមីនា ឆ្នាំ ២០២៤ នៅខេត្តសៀមរាប។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានការប្រគំតន្រ្តី រាំច្រៀង អុចកាំជ្រួច និង តាំងពិព័រណ៍ជាដើម ហើយក៏នឹងរួមចំណែកជំរុញកំណើន ភ្ញៀវទេសចរ និង បង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្ត តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួយជំរុញផ្សព្វផ្សាយផងដែរនូវភាពសម្បូរបែបនៃអនុតំបន់មេគង្គ៕
រូបភាពដោយ ៖ ដើរលេង-បែបសាមញ្ញ