ត្រៀមថតរូបស្អាតៗ សប្បាយឱ្យចាស់ដៃ ឆ្នាំនេះសង្ក្រាន្តខេត្តកណ្តាល រៀបចំហ៊ឹកហ៊ាក់ណាស់
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនឹងចូលមកដល់។ សម្រាប់អ្នកភ្នំពេញ បើមិនចង់ទៅណាឆ្ងាយក្រៅតែពីវត្តភ្នំ អាចហួសទៅសប្បាយនឹងកម្មវិធីសង្ក្រាន្តមួយកន្លែងទៀតដែលនៅកៀកបង្កើយនឹងទីក្រុងភ្នំពេញ នោះគឺក្រុងតាខ្មៅខេត្តកណ្តាល។
តាមរយៈការបង្ហោះរបស់ទំព័រហ្វេសប៊ុករដ្ឋបាលក្រុងតាខ្មៅ សង្ក្រាន្តខេត្តកណ្តាលឆ្នាំនេះនឹងធ្វើឡើងនៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅរយៈពេល ៤ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែ មេសាឆ្នាំ ២០២៤។
ខណៈសង្ក្រាន្តឆ្នាំថ្មីជិតមកដល់ បច្ចុប្បន្នក្រុងតាខ្មៅបានកំពុងរៀបចំតុបតែងយ៉ាងស្រស់ស្អាតជាមួយពន្លឺភ្លើងពណ៌ចែងចាំ លាយឡំដំឡើងខ្លោងទ្វាររំលេចក្បាច់ខ្មែរលើដងវិថីនានាយ៉ាងប្រណីត។ ដូចនេះសម្រាប់បងប្អូនអ្នកនៅភ្នំពេញ បើមិនចង់ទៅណាឆ្ងាយ អាចមកសប្បាយនៅក្រុងតាខ្មៅ ជាមួយសង្ក្រាន្តខេត្តកណ្តាលឆ្នាំ ២០២៤ ទាំងអស់គ្នាបាន៕