ស្រលាញ់ឆ្មា តែខ្ជិលចិញ្ចឹម តែបើចង់លេងឆ្មា អាចទៅហាងកាហ្វេទាំងនេះបាន
ហាងកាហ្វេជាកន្លែងសង្គមនីយកម្មដ៏ពេញនិយមនាពេលបច្ចុប្បន្ន។ ហាងនីមួយៗតែងបង្កើតការរៀបចំសោភណភាពប្លែកៗ ដើម្បីបង្កបរិយាកាសអមនឹងកាហ្វេដ៏មានឱជារស ក៏ដូចជាបន្ថែមរសជាតិថ្មីនៃការកម្សាន្តផងដែរ។ លើសពីបរិយាកាសស្រស់ស្រាយ ហាងកាហ្វេបើកថ្មីមួយចំនួនក៏បានភ្ជាប់មកជាមួយចំណង់ចំណូលចិត្តរបស់អ្នកផឹក នោះគឺការស្រលាញ់សត្វចិញ្ចឹម។ សម្រាប់អ្នកស្រលាញ់សត្វឆ្មា «ប្រជាប្រិយ» សូមណែនាំហាងកាហ្វេចំនួន ៥ កន្លែង ដែលធានាថាពេលទៅដល់ ប្រិយមិត្តនឹងពេញចិត្តពេញថ្លើមតែម្តង។
១. Ministry of Cat
ទីនេះជាកន្លែងក្រេបភេសជ្ជៈកាហ្វេដ៏ឈ្ងុយឆ្ងាញ់ផង និងជាមជ្ឈមណ្ឌលសង្គ្រោះសត្វឆ្មាផងដែរ។ ហាងកាហ្វេមានសត្វឆ្មានេះ បង្កើតឡើងសម្រាប់អ្នកស្រលាញ់សត្វឆ្មា ដើម្បីផ្តល់ក្តីស្រលាញ់ឱ្យពួកវា បន្ទាប់ពីពួកវាត្រូវបានគេបោះបង់ចោល និងយកមកសង្គ្រោះដោយការមើលថែនៅទីនេះ។ ពួកវាត្រូវបានជួយសង្គ្រោះ និងស្តាឡើងវិញតាមរយៈដៃគូដែលធ្វើការទៅលើគម្រោងសង្គ្រោះសត្វឆ្មា Animal Recuse Cambodia ដោយរាល់ឆ្មាទាំងអស់ត្រូវបានចាក់វ៉ាក់សាំង និងធ្វើតេស្តសុខភាពត្រឹមត្រូវ។ យើងអាចចូលក្រេបកាហ្វេ ឬញុំាអាហារថ្ងៃត្រង់ អមដោយបរិយាកាសសម្រាកប្រកបដោយភាពកក់ក្តៅ។ ប្រសិនបើស្រលាញ់ឆ្មាណាមួយ យើងអាចធ្វើការស្នើសុំដើម្បីយកទៅចិញ្ចឹមផងដែរ។ បើមានការត្រូវទៅឆ្ងាយ យើងក៏អាចយកឆ្មាមកផ្ញើនៅទីនេះបានដូចគ្នា។ ទីនេះមានទីតាំងនៅលើផ្លូវ ៤៤២ ក្នុងប្លុកទួលទំពូង។
២. Dawn Coffee
ស្ថិតនៅជិតផ្សារទំនើបជីបម៉ុង ២៧១ ហាងកាហ្វេនេះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់យុវវ័យ ជាពិសេសអ្នកស្រលាញ់ Vibe បែបលាតៗស្រឡះភ្នែក និងទាន់សម័យ។ ពិតណាស់ ទីនេះជាហាងកាហ្វេឌីហ្សាញមានលក្ខណៈបែបទំនើប ប្រើគំនិតបែបតិចនិយម ឬ minimalist ជាពិសេសផ្តោតលើបរិស្ថាន (Eco-friendly) មើលទៅ Clean និងស្រស់ស្រាយ។ ជាមួយរុក្ខជាតិខៀវខ្ចីបង្អួតសម្រស់ក្នុងកន្លែងត្រជាក់ ទាំងជាន់ក្រោម និងជាន់លើ អាចធ្វើឱ្យយើងអង្គុយយូរយ៉ាងណាក៏មិននឿយណាយ។ អូភ្លេច! សម្រាប់អ្នកស្រលាញ់សត្វឆ្មា ទីនេះមានរៀបចំជាបន្ទប់សត្វឆ្មាធំទូលាយ ដែលមានឆ្មាប្រមាណ ៣៣ ក្បាល ចម្រុះពូជសាសន៍ ស្អាតៗ ឃ្យូតៗ រង់ចាំអ្នកទៅប៉ះ ទៅស្ទាប ទៅអង្អែល និងថតរូបលេងបង្អួតនៅលើបណ្តាញសង្គម។ មួយវិញទៀត សម្រាប់ភេសជ្ជៈកាហ្វេវិញ ទីនេះបានសម្រាំងកាហ្វេមកពីបរទេស និងជាកាហ្វេដែលមានគុណភាពខ្ពស់បំផុត។
៣. CHHMA Catfé
ហាងកាហ្វេនេះមិនត្រឹមតែបណ្តុំទៅដោយសត្វឆ្មាប៉ុណ្ណោះទេ តែក៏ជាកន្លែងលក់អ្វីៗគ្រប់យ៉ាងសម្រាប់ឆ្មារាប់តាំងពី អាហារ សម្លៀកបំពាក់ របស់លេង រហូតដល់មានការទទួលឆ្មាសម្រាប់ស្នាក់នៅក្នុងអូតែលឆ្មាផងដែរ។ ទីនេះមានទីតាំងនៅជិតមាត់ទន្លេ ផ្លូវ ១៧៨ រាជធានីភ្នំពេញ។
៤. Catera Cambodia
ស្ថិតតាមបណ្តោយផ្លូវ ៤៥៦ ក្នុងសង្កាត់បឹងកេងកង ទីនេះជាកន្លែងបម្រើនូវភេសជ្ជៈកាហ្វេ និងម្ហូបជាច្រើនមុខ អមដោយសត្វឆ្មាដ៏គួរឱ្យស្រលាញ់ សុទ្ធសឹងជាសត្វឆ្មាដែលត្រូវបានរើសមកចិញ្ចឹម។ ចំណែកនៃប្រាក់ចំណេញពីទីនេះនឹងយកមកបរិច្ចាគសម្រាប់ការចិញ្ចឹមឆ្មាដែលត្រូវបានគេបោះបង់ចោលទាំងនេះ។ បើទៅកម្សាន្តស្រលាញ់ឆ្មាណាមួយ យើងអាចធ្វើការស្នើសុំឆ្មានោះមកចិញ្ចឹមផងដែរ។
៥. Kaka coffee & restaurant
ជាហាងកាហ្វេផង និងជាភោជនីយដ្ឋានផង ទីនេះមានការរៀបចំលក្ខណៈប្រណីត និងទាន់សម័យ។ ស្ថិតនៅក្នុងបុរីជីបម៉ុង ៥៩៨ ក្នុងសង្កាត់ច្រាំងចម្រេះ ខណ្ឌឫស្សីកែវ ទីនេះមានការរៀបចំបន្ទប់ឆ្មាដោយឡែក ពោលនៅបន្ទប់ខាងលើជាន់ទី ២។ ជាន់បន្ទប់ឆ្មាមានឆ្មាច្រើនប្រភេទ ឯការរៀបចំតុបតែងកន្លែងសម្រាប់ឆ្មាលេងក៏មានលក្ខណៈគួរឱ្យស្រលាញ់ អាចថតរូបស្អាតៗ និងអង្គុយសម្រាកមិនចេះជិនណាយ៕