ប្រាសាទអង្គរវត្តខ្នាតតូចជាប់ជើងភ្នំបូកគោ ខេត្តកំពត មើលចុះឡើងច្រឡឹងៗ បើបានទៅកុំភ្លេចដាក់ពីរបីប៉ុស្តិ៍អួត
ធ្លាប់តែឃើញប្រាសាទអង្គរវត្ត កេរដំណែលដ៏អច្ឆរិយៈ ប្រកបដោយរចនាបថស្រស់ស្អាតគ្មានអ្វីប្រៀបបាន នៅទឹកដីខេត្តសៀមរាប ស្រាប់តែថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ជាថ្មី នូវទីតាំងដែលមានប្រាសាទអង្គរវត្តចម្លងមួយ ដែលមានរចនាបថស្រដៀងនឹងប្រាសាទអង្គរវត្ត មានទេសភាពស្រស់ត្រកាល ដែលបានសាងសង់ឡើង នៅក្បែរជើងភ្នំបូកគោ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត។
ប្រាសាទអង្គរវត្តចម្លង ដែលមានសម្រស់ស្អាតប្លែកភ្នែកនេះផងដែរ ត្រូវបានសាងសង់ឡើងដោយស្នាដៃកូនខ្មែរពិតៗ ដែលធ្លាប់ផ្ទុះល្បីអំពីដំណាក់កាលចាប់ផ្ដើមសាងសង់កាលពី ៣ ឆ្នាំមុន ពោលគឺកាលពីឆ្នាំ ២០២១ កន្លងទៅ ដែលការសាងសង់នេះ គឺស្ថិតនៅក្នុងគម្រោងតំបន់ទេសចរណ៍ ឈ្មោះថា «អ៊ីស្តទីក្រុងធម្មជាតិ»។
ប្រាសាទអង្គរវត្តចម្លង ឬ គេនិយមហៅប្រាសាទអង្គរវត្តតូច នៅទឹកដីខេត្តកំពតនេះផងដែរ គឺមានទីតាំងស្ថិតនៅគម្រោង East Resort ជិតផ្សារត្រពាំងរពៅ ព្រំព្រទល់ខេត្តកំពត និងខេត្តព្រះសីហនុ។ ថ្វីត្បិតតែប្រាសាទអង្គរវត្តចម្លងនេះ មានទំហំតូចជាងរបស់ដើមក៏ពិតមាន ប៉ុន្តែរក្សាបាននូវលំនាំ និងរចនាបថដូចទៅនឹងប្រាសាទអង្គរវត្តច្រើន បូករួមទីតាំងសាងសង់មានទេសភាពស្រស់ត្រកាល មានរុក្ខជាតិធំតូចជាប់ជើងភ្នំ បានធ្វើឱ្យប្រាសាទមានរចនាបថប្រណីតមួយនេះ មានភ្ញៀវទេសចរចង់ទៅទស្សនា និងថតរូបលេងកម្សាន្តផងដែរ៕
ប្រភពរូបភាព ៖ ទីវ ចំប៉ី-Champey Tiev