កន្លែងថ្មី! កសិដ្ឋានចៀមល្បីនៅកំពង់ឆ្នាំង សង់ផ្ទះលម្ហែប្លែកៗ មានកន្លែងបោះតង់មើលឃើញជួរភ្នំ ទេសភាពស្អាតខ្លាំង
ជារឿងដ៏គួរឱ្យចាប់អារម្មណ៍ ដោយមានកសិដ្ឋានមួយកន្លែងឈ្មោះ Organic Sheep Farm កសិដ្ឋានកូនចៀមធម្មជាតិ មានទីតាំងស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង បានរៀបចំបើកកន្លែងលម្ហែទទួលភ្ញៀវទេសចរឱ្យសម្រាកលម្ហែនៅផ្ទះលម្ហែសាងសង់យ៉ាងស្រស់ស្អាត ព្រមទាំងអាចបោះតង់មើលឃើញសម្រស់ទេសភាពពីជើងភ្នំទៀតផង។
ចំពោះគម្រោងនេះផងដែរ តាមរយៈ Organic Sheep Farm កសិដ្ឋានកូនចៀមធម្មជាតិ ផ្ទាល់បានបញ្ជាក់នាពេលថ្មីៗនេះថា ៖ «ដោយសារមានបងប្អូនឆាតសួរច្រើន ឆ្លើយមិនទាន់ សូមឆ្លើយក្នុងនេះ! សូមអរគុណបងប្អូនដែលស្រឡាញ់គាំទ្រក្នុងគម្រោងកសិទេសចរណ៍នេះ យើងខ្ញុំនឹងខិតខំរៀបចំឱ្យបានល្អមុននឹងទទួលបងប្អូន ដោយសារមូលហេតុនេះ យើងខ្ញុំនឹងចាប់ផ្តើមបើកទទួលនៅថ្ងៃទី ០១ ខែ ១១ ឆ្នាំ ២០២៤»។
គួរឱ្យដឹងផងដែរថា កន្លែងលម្ហែថ្មីដែលត្រៀមនឹងបើកក្នុងខែវិច្ឆិកាឆាប់ៗខាងមុខនេះ មានទីតាំងស្ថិតនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលទីតាំងកសិទេសចរណ៍មួយនេះ ជាកន្លែងដែលមានចិញ្ចឹមសត្វចៀមជាច្រើននៅជិតតំបន់ភ្នំ ហើយភ្ញៀវទេសចរណ៍អាចមើលឃើញទេសភាពជួរភ្នំឱរ៉ាល់ និង ទឹកស្ទឹងហូរពីទឹកជ្រោះផងដែរ៕
ប្រភព និង រូបភាព ៖ Organic Sheep Farm កសិដ្ឋានកូនចៀមធម្មជាតិ