ទៅអង្គរកុំភ្លេច! មគ្គទេសក៍ ម៉ុន ប៊ុននី ជំនាញនាំផ្លូវពន្យល់ក្បោះក្បាយពីប្រវត្តិប្រាសាទ និង អាថ៌កំបាំងផ្សេងៗកម្រមានអ្នកដឹង
សៀមរាបជាទឹកដីសម្បូរទៅដោយប្រាសាទជាច្រើន ដែលជាកេរ្តិ៍មរតកបន្សល់ពីដូនតាខ្មែរយើង។ ក្រៅពីចូលទស្សនាប្រាសាទ និង ថតរូបទុកជាអនុស្សាវរីយ៍ ការស្វែងយល់លម្អិតអំពីប្រវត្តិសាស្ត្រ គឺជារឿងមួយដែលយើងជាកូនខ្មែរមិនគួររំលង។
ថ្មីៗនេះក្រុមការងារ «ប្រជាប្រិយ» បានចុះទៅដល់ទីតាំងប្រាសាទអង្គវត្តផ្ទាល់។ យើងបានឃើញមគ្គទេសក៍ទេសចរណ៍ខ្មែរច្រើននាក់ បាន និង កំពុងតែឈររង់ចាំផ្តល់សេវាកម្មនាំផ្លូវ ចំពោះភ្ញៀវណាដែលមានបំណងចង់យល់ដឹងអំពីប្រវត្តិសាស្ត្រអង្គរ។ ហាក់មាននិស្ស័យ មួយក្នុងចំណោមនោះ យើងបានជួប និង ជួលមគ្គទេសក៍ម្នាក់ឈ្មោះ ម៉ុន ប៊ុននី ដើម្បីនាំផ្លូវ ក៏ដូចតំណាលប្រាប់ពីប្រវត្តិរបស់ប្រាសាទ។
ខុសពីការមកកម្សាន្តសព្វដង ដែលគ្រាន់តែដើរទស្សនា និង ផ្តិតរូបភាព ការទស្សនាមានមគ្គទេសក៍លើកនេះ បានធ្វើយើងជក់ចិត្តជាខ្លាំង។ យើងបានដឹងអំពីប្រវត្តិដើមនៃការកសាង ភាពមហាអស្ចារ្យ សិល្បៈចម្លាក់ និង អាថ៌កំបាំងជាច្រើនស្ទើរមិនគួរឱ្យជឿ។ លោក ម៉ុន ប៊ុននី ពិតជាមគ្គទេសក៍ដ៏ជំនាញម្នាក់ លោកបានពន្យល់ក្បោះក្បាយ ដោយរៀបរាប់លម្អិតតាំងពីមុនពេលបោះជំហានចូល រហូតដល់ត្រលប់មកកន្លែងដើមវិញ។
តាមការសំណេះសំណាល លោក ម៉ុន ប៊ុននី រស់នៅភូមិបៃតង ស្រុកសៀមរាប ខេត្តសៀមរាប។ លោកបានចាប់អាជីពជាមគ្គទេសក៍ទេសចរណ៍តាំងពីឆ្នាំ ២០១៨ ដោយទទួលបានក្របខណ្ឌពីក្រសួងទេសចរណ៍ត្រឹមត្រូវ។ លោកអាចនិយាយជាភាសាខ្មែរ និង ចិន។ សម្រាប់តម្លៃវិញ ការទស្សនាចំពោះភ្ញៀវខ្មែរ តម្លៃ ៣០ ដុល្លារ ក្នុងមួយថ្ងៃ រីឯភ្ញៀវបរទេសតម្លៃ ៥០ ដុល្លារក្នុងមួយថ្ងៃ។ ដូច្នេះ បើប្រិយមិត្តចាប់អារម្មណ៍ អាចទៅរកលោកនៅច្រកចូលប្រាសាទអង្គរវត្ត ឬ អាចទំនាក់ទំនងលោកតាមរយៈលេខទូរស័ព្ទ៖ 012 455 314៕