ភ្ជុំទៅលេងវត្ត ៥ នេះ បានទាំងធ្វើបុណ្យ បានទាំងស្គាល់ទីតាំងសាសនាមានប្រវត្តិយូរលង់
ឱកាសឈប់សម្រាកនារដូវបុណ្យភ្ជុំបិណ្ឌនេះ ប្រិយមិត្តប្រាកដជាគម្រោងធ្វើដំណើរកម្សាន្តទៅកាន់ខេត្តនានា។ សម្រាប់ប្រិយមិត្តចង់ធ្វើដំណើរកម្សាន្តបែបទីតាំងសាសនា យើងសូមណែនាំវត្តចំនួន ៥ ស្ថិតនៅខេត្តផ្សេងៗគ្នា ដែលមានប្រវត្តិកសាងយូរលង់ និង គួរឱ្យស្វែងយល់។
១. វត្តរកាកណ្តាល ខេត្តក្រចេះ
វត្តរកាកណ្តាល ជាវត្តដែលមានព្រះវិហារបុរាណចំណាស់ជាងគេនៅសេសសល់ក្នុងទឹកដីខេត្តក្រចេះសព្វថ្ងៃ។ វត្តនេះមានទីតាំងស្ថិតនៅក្នុងសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ជាប់មាត់ទន្លេចម្ងាយ ២ គ.ម ខាងត្បូងទីរួមខេត្ត។ យោងតាមគេហទំព័ររបស់រដ្ឋបាលខេត្តក្រចេះ វិហារបុរាណរកាកណ្ដាលមានអាយុកាលប្រមាណ ២០០ ឆ្នាំ ហើយជាវិហារចាស់ជាងគេដែលនៅសេសសល់សព្វថ្ងៃ។
២. វត្តមហាលាភ ខេត្តកំពង់ចាម
វត្តមហាលាភ គឺជាវត្តបុរាណមួយ ដែលស្ថិតក្នុងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ វត្តនេះមានព្រះវិហារចំណាស់មួយដែលមានអាយុកាលជាង ១០០ ឆ្នាំទៅហើយ។ នៅក្នុងវិហារ មានគំនូរក្បាច់ទឹកមាសនៅតាមសសរឈើ និង នៅលើពិតាន។ វត្តនេះជាបុរាណដ្ឋានពុទ្ធសាសនាដ៏ពិសិដ្ឋជាងគេប្រចាំតំបន់ សង់ប្របនៅដងទន្លេតូច ត្រើយខាងកើត។ វត្តនេះត្រូវបានកសាងអស់រយៈពេលរហូត ១០ឆ្នាំ ចាប់ផ្តើមតាំងពី គ.ស.១៨៩៣ រហូតដល់ គ.ស.១៩០៣ ក្នុងរជ្ជកាលព្រះបាទ នរោត្តម។ វត្តមហាលាភត្រូវបានក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ចាត់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ខេត្តកំពង់ចាម កាលពីឆ្នាំ ២០១៦។
៣. វត្តរតនសោភ័ណ ខេត្តប៉ៃលិន
វត្តរតនសោភ័ណ ហៅវត្ត កោងកាង ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលមានទីធ្លាខាងកើតជាប់ផ្លូវជាតិលេខ ៥៧ មានចម្ងាយ ១ គីឡូម៉ែត្រពីទីរួមខេត្ត(ក្រុងប៉ៃលិន)។ វត្តនេះត្រូវបានគេចាត់ទុកជាបេះដូងទេសចរណ៍បែបសាសនាសំខាន់បន្ទាប់ពីភ្នំយ៉ាតដែលនៅក្បែរនោះ។ វត្តនេះបានកសាងឡើងនៅ គ.ស. ១៩៤២ ដែលផ្តួចផ្តើមឡើងដោយ ភិក្ខុ ឡឹក សេន និមន្តមកពីខេត្តសុរិន្ទ ដែលអ្នកស្រុកនិយមហៅថា លោកតាឪ ឡឹក សេន។
៤. វត្តត្រឡែងកែង ខេត្តកំពង់ឆ្នាំង
រមណីយដ្ឋានអតីតរាជធានីលង្វែក ឬ វត្តត្រឡែងកែង ស្ថិតនៅភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច មានចម្ងាយប្រមាណ ៥១ គ.ម ពីក្រុងកំពង់ឆ្នាំង។ វត្តត្រឡែងកែងជាវត្តដែលមានវ័យចំណាស់ជាងគេនាយុគសម័យលង្វែក ១៥២៥-១៥៩៥ មានឈ្មោះថា ព្រះវិហារមណ្ឌប កសាងឡើងក្នុងរជ្ជកាលព្រះបាទអង្គច័ន្ទរាជា ១៥២៥-១៥៦៧ ដើម្បីឧទ្ទិសដល់ជ័យជំនះរបស់ទ្រង់ ក្នុងការធ្វើសឹកសង្គ្រាមប្រឆាំងនឹងការគ្រងរាជ្យសម្បត្តិរបស់ស្តេច កន និង ជ័យជម្នះលើពួកបច្ចាមិត្តឬសត្រូវបរទេស ដែលចូលមកលុកលុយប្រទេសខ្មែរនាសម័យនោះ។
៥. រមណីយដ្ឋានវត្តអង្គរជ័យ ខេត្តកណ្តាល
វត្តអង្គរជ័យមានទីតាំងស្ថិតនៅក្នុងភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មានក្លោងទ្វារជាប់បណ្តោយផ្លូវជាតិលេខ ១ ចម្ងាយពីរាជធានីភ្នំពេញដីប្រហែល៣០ គីឡូម៉ែត្រ។ វត្តនេះជាវត្តបុរាណមួយកកើតឡើងតាំងពីយូរលង់ណាស់មកហើយ ដែលល្បីតៗគ្នាថា មានបារមីខ្លាំងពូកែស័ក្ដិសិទ្ធធ្វើឱ្យពុទ្ធបរិស័ទ ដែលមានជំនឿតែងតែខំស្កាត់ពីទីជិតទីឆ្ងាយនាំគ្នាទៅបួងសួងបែរបន់ពរជ័យលាភសក្ការៈផ្សេងៗមិនសូវដាច់៕