កក់ថ្ងៃគ្នាឲ្យហើយទៅ! តំបន់ធម្មជាតិ ៤ កន្លែងនៅសៀមរាប ទេសភាពស្អាតកប់ខ្លាំង
សៀមរាបទឹកដីដ៏ប្រណិតបំផុតមួយកម្ពុជា ប្រមូលផ្ដុំដោយសម្បត្តិចវប្បធម៌ប្រវត្តិសាស្ត្ររាប់មិនអស់ ។ ភ្ញៀវទេសចរទៅកម្សាន្តនៅទឹកដីដ៏អច្ឆរិយនេះ តែងគិតដល់មុនគេ គឺការទស្សនានូវប្រាង្គប្រាសាទនានា តែសៀមរាបក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែងស្អាតៗក្រៃលែង ។ ថ្ងៃនេះ «ប្រជាប្រិយ» សូមបង្ហាញតំបន់ទេសចរណ៍បែបធម្មជាតិ ៤ កន្លែងនៅសៀមរាប ទេសភាពស្អាតៗជាទីបំផុត ៖
១. ភូមិបៃតង
កន្លងមកប្រិយមិត្តប្រហែលជាឧស្សាហ៍ទៅងូតទឹកលេងនៅសណ្ឋាគារ ឬ នៅសួនទឹកផ្សេងៗ តែប្រហែលជាមិនធ្លាប់បានងូតទឹកក្នុងអាងដ៏ថ្លាឈ្វេងកណ្ដាលវាលស្រែទេ មែនទេ? ភូមិខ្មែរ ជារមណីយដ្ឋានបែបស្រុកស្រែដ៏ស្រស់ស្អាតបំផុតមួយនៅខេត្តសៀមរាប នៅទីនោះមានដើមត្នោតច្រូងច្រាង មានសង់ផ្ទះស្នាក់នៅប្រក់ក្បឿងជាប្រភេទភូមិខ្មែរពិតៗ មានចម្ការច្បារដំណាំចម្រុះគ្រប់ប្រភេទ ។ អ្វីដែលទាក់ចិត្តបំផុតនោះភ្ញៀវទេសចរអាចងូតទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយ មានដាក់ជាឆត្រសម្រាប់គេងសំដិលមិនចាញ់មាត់សមុទ្រឡើយ ។
រូបភាព ៖ spa.kitchen
ភូមិបៃតង ជាកន្លែងដ៏ល្អបំផុត សម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ នៅទីនោះ មានខ្យល់អាកាសបរិសុទ្ធ ក្រអូបក្លិនស្រូវ និង ស្លឹកគ្រៃ ធ្វើឲ្យមានអារម្មណ៍ថាទីនេះដូចឋានសួគ៌កណ្ដាលភូមិនៅជនបទមួយអ៊ីចឹង ។ ភូមិបៃតង មានទីតាំងស្ថិតនៅភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប មិនឆ្ងាយប៉ុន្មានឡើយពីទីរួមខេត្ត ។
២. សួនអ្នកស្រែនៅភ្នំក្រោម
សួនអ្នកស្រែ នៅភ្នំក្រោម ជាសួនថ្មីមួយទើបនឹងបង្កើតឡើង ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ដែលធ្វើដំណើរទៅកាន់កំពង់ផែផ្សារក្រោម ខេត្តសៀមរាប ជាកន្លែងមួយដ៏ល្អបំផុតសម្រាប់ភ្ញៀវទេសចរចូលចិត្តទេសភាពស្រុកស្រែ ។
នៅទីនោះមានសង់កន្លែងអង្គុយលេងជាច្រើននៅមាត់ស្រះទឹក មានខ្យល់អាកសបរិសុទ្ធបក់មករំភើយ ព្រមទាំងទេសភាពដ៏ត្រកាលទៀតនោះ ធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយយ៉ាងចម្លែក ។ ចំណែកម្ហូបអាហារនោះទីនោះក៏សម្បូរបែប មានត្រីសាច់ បន្លែស្រស់គ្រប់មុខ ថែមទាំងមានតម្លៃសមរម្យទៀត ។
ដើម្បីទៅដល់ទីនោះភ្ញៀវទេសចរត្រូវធ្វើដំណើរពីក្រុងសៀមរាបទៅផ្សារក្រោម និង ជិះហួសពីវត្តអារញ្ញសាគរ ប្រហែល ៤០០ ម៉ែត្រ នោះប្រិយមិត្តនឹងបានឃើញសួនអ្នកស្រែនៅខាងស្ដាំដៃយ៉ាងស្រស់បំព្រង ។
៣. កំពង់ភ្លុក
កើតចេញពី៣ភូមិបណ្ដែតលើទឹករួមគ្នា កំពង់ភ្លុកជារមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញលើទឹកដីខេត្តសៀមរាប ។ ហ៊ុមព័ទ្ធដោយព្រៃលិចទឹកជាច្រើនប្រភេទ ហើយក៏ជាតំបន់អភិរក្សសត្វស្លាបសំខាន់មួយ ក្នុងប្រទេសកម្ពុជា បានធ្វើឲ្យតំបន់ទេសចរណ៍មួយកន្លែងស្រស់ស្អាតខ្លាំងដូចរូបគំនូរ ។ តំបន់ទេសចរណ៍ដ៏កម្រ និង ស្អាតក្រៃលែងនេះ មានចម្ងាយប្រមាណ ១៦ គីឡូម៉ែត្រប៉ុណ្ណោះ ពីទីរួមខេត្ត ។
ភូមិបណ្ដែតទឹកកំពង់ភ្លុក មានប្រជាជនរស់នៅប្រមាណជាង ៣០០០ នាក់ ។ ទៅលេងកម្សាន្តនៅទីនោះ ភ្ញៀវទេសរនឹងលង់ជាមួយសម្រស់ធម្មជាតិដ៏ត្រកាល អាចទស្សនាសត្វស្លាបរហូតទៅដល់ជាង១០០ប្រភេទ រួមទាំងត្រីចម្រុះហែលឆ្វាត់ឆ្វែងគួរជាទីទស្សនា ។
៤. ពើងតានន់
ទេសភាពដ៏ស្រស់ត្រកាលប្រៀបដូចការគូពីវិចិត្រករដៃឯក អមដោយ រុក្ខជាតិខៀវខ្ចី កំពុងរីកលូតលាស់ បញ្ចេញសម្រស់ផ្កាធម្មជាតិ និង ខ្យល់អាកាសបរិសុទ្ធ ធ្វើឱ្យពើងតានន់ ដែលមិនសូវមានអ្នកស្គាល់ ប្រៀបដូចឋានសួគ៌លើដីអ៊ីចឹង ។
តំបន់ទេសចរណ៍ដ៏ត្រកាលនេះ មានទីតាំង ស្ថិតនៅ ភូមិគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ចម្ងាយប្រមាណតែ ៨៥គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តសៀមរាប ។ ក្រៅពីមានដំថ្មជាច្រើនត្រួតលើគ្នាជាច្រើនហើយខ្ពស់ បញ្ចេញរូបរាងដូចនឹងប្រាសាទបុរាណហើយនោះ នៅទីនោះមានអាស្រមរបស់ព្រះសង្ឃដែលគង់នៅលើភ្នំ មើលថែរក្សាកន្លែងដ៏ស្ងប់ស្ងាត់នោះទៀតផង ៕
អត្ថបទ ៖ រាជ