មានទឹក មានភ្នំ! តំបន់ទេសចរណ៍ ៦ កន្លែងក្នុងខេត្តប៉ៃលិន ល្បីសុសសាយ ទាក់ទាញភ្ញៀវទេសចរបានច្រើនបំផុត
ខេត្តប៉ៃលិន មានទីតាំងស្ថិតនៅប៉ែកខាងលិច នៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយប្រមាណ ៣៧១ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលមានព្រំប្រទល់ជាប់នឹងខេត្តបាត់ដំបង និង ស្រុកពោងណាំរ៉ង ខេត្តច័ន្ទបូរី នៃប្រទេសថៃ ដោយខេត្តនេះមានទំហំផ្ទៃដីសរុប ១ ០៦២ គីឡូម៉ែត្រការ៉េក្នុងនោះចែកចេញជា ក្រុងប៉ៃលិន និង ស្រុកសាលាក្រៅ ដែលមាន ៤ សង្កាត់ និង ៤ ឃុំ និង ភូមិចំនួន ៩០ ។ យ៉ាងណាមិញ ខេត្តភាគខាងលិចមួយនេះក៏ជាខេត្តមួយបានទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិជាច្រើនឱ្យទៅលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍ល្បីៗជាច្រើនក្នុងខេត្ត ជាកត្តាមួយជួយបង្កើនថវិកាជាតិ ហើយតំបន់ទេសចរណ៍ទាំង ៦ កន្លែងនេះ មានភាពល្បីល្បាញខ្លាំង ក្នុងខេត្តប៉ៃលិន ដែលទេសចរណ៍គ្រប់រូបមិនគួររំលង។
១. រមណីយដ្ឋានភ្នំយ៉ាត
ភ្នំយ៉ាត ស្ថិតនៅជាប់ផ្លូវជាតិលេខ ៥៧ និង នៅជិតវត្តរតនសោភ័ណ ហៅវត្តកោងកាង ដែលជាបេះដូងនៃខេត្តប៉ៃលិន ហើយអ្នកដំណើរទាំងឡាយ ដែលចេញ-ចូលខេត្តនេះតែងតែឆ្លងកាត់តាមជើងភ្នំយ៉ាត និង គយគន់សំណង់ប្រវត្តិសាស្រ្តមួយចំនួននៅជាប់ជើងភ្នំយ៉ាត។ ចំណែកឯដីនៅលើភ្នំនេះ ត្រូវបានគេដឹងថាជាដីរ៉ែធម្មជាតិ មានត្បូងពេជ្រមានតម្លៃយ៉ាងច្រើន ខណៈដែលនៅលើកំពូលភ្នំយ៉ាត មានវត្តអារាមមួយ ឈ្មោះថា «វត្តគិរីរតនារាមភ្នំយ៉ាត» ឬហៅថា «វត្តភ្នំយ៉ាត» និង មានសំណង់បុរាណ សំណង់ថ្មីៗ និង អាស្រមជាច្រើន ដូចជាព្រះចូឡាមុនីចេតីយ៍តូច-ធំ, អាស្រមលោកយាយយ៉ាត រូបសំណាកព្រះពុទ្ធផ្ចាញ់មារ កម្ពស់ ២១ ម៉ែត្រ សំណង់ប្រាសាទ ៨ ទិស ព្រះសិអាមេតី អាស្រមព្រះគោ-ព្រះកែវ ជាដើម ហើយប្រជាពលរដ្ឋ អ្នកដំណើរ និង ភ្ញៀវទេសចរណ៍ទាំងឡាយ ដែលទៅលេងកម្សាន្តនៅខេត្តប៉ៃលិន តែងតែចូលទៅអុជធូប បួងសួងសុំ សេចក្តីសុខ សប្បាយ ពីលោកយាយយ៉ាត ព្រោះគ្រប់គ្នាជឿថា លោកយាយយ៉ាតមានបារមីស័ក្ដិសិទ្ធិ។
២. រមណីយដ្ឋានរហាត់ទឹក
រមណីយដ្ឋានរហាត់ទឹក គឺជារមណីយដ្ឋានកែច្នៃធម្មជាតិស្ថិតក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិនដែលរមណីយដ្ឋាននេះស្ថិតនៅតាមអូរធម្មជាតិ មានទឹកថ្លាឆ្វេងហូរមិនចេះដាច់ ខួបប្រាំង ខួបវស្សា មានកញ្ចុះស្រស់ស្អាត មានផាសុកភាព នៅតាមមាត់អូរ សម្រាប់ភ្ញៀវទេសចរណ៍អង្គុយកម្សាន្ត ស្រស់ស្រូបអាហារ ជួបជុំមិត្តភក្តិ ក្រុមគ្រួសារ ហើយនៅក្នុងអូរមានទំនប់បង្ហៀរទឹក និង មានរហាត់ទឹកមួយដ៏ធំ នៅចំកណ្តាល ដែលកាលពីអតីតកាលរហាត់ទឹកនេះគឺជាវារីអគ្គិសនី សម្រាប់យកភ្លើងប្រើប្រាស់នៅក្នុងភូមិក្បែរៗនោះ ប៉ុន្តែបច្ចុប្បន្ននេះមានទឹកជ្រៅគួរសម សម្រាប់លោតលេងកម្សាន្ត ជិះទូក ជិះពោងកម្សាន្តជាដើម។ លើសពីនេះក៏មានអាងទឹកកែច្នៃ សម្រាប់ហែលលេងកម្សាន្ត មានសួនច្បារ ប្រកបដោយផ្កាចម្រុះ និង មានរូបសំណាកសត្វព្រៃធម្មជាតិជាច្រើន សម្រាប់គយគន់។
៣. រមណីយដ្ឋានអាងជីងចក់
រមណីយដ្ឋានអាងជីងចក់ ស្ថិតនៅក្បែរជើងភ្នំខៀវ ក្នុងភូមិអូរច្រាកើត សង្កាត់បយ៉ាខា ទួលល្វា ក្រុងប៉ៃលិន ដែលជាស្រះក្នុងភូមិមានស្តុកទឹក សម្រាប់កសិករស្រោចស្រពដល់ដំណាំ ជាពិសេសនៅទីនេះមានចម្ការកាហ្វេរាប់សិបហិកតាថែមទៀតផង ហើយស្រះទឹកនេះដែរ ត្រូវបានសាងសង់ឡើងតាំងពីទសវត្សឆ្នាំ ១៩៤០ ក្នុងរបបអាណានិគមនិយមបារាំងមកម្ល៉េះ ដោយទឹកនេះហូរមកពីភ្នំក្បាលដំរី រួចហូរចូលទៅកាន់ស្រះទឹកក្នុងភូមិ ដែលស្តុកទុក សម្រាប់កសិករ ដើម្បីស្រោយស្រពដំណាំ។ យ៉ាងណាមិញ នៅពេលធ្វើដំណើរទៅកាន់រមណីយដ្ឋាននេះ ភ្ញៀវទេសចរនឹងអាចមើលឃើញធម្មជាតិពណ៌ខៀវដ៏ស្រស់ស្អាត ជាមួយនឹងខ្យល់ឱកាសបរិសុទ្ធ ដែលជួយកាត់បន្ថយភាពតានតឹងបានមួយកម្រិតផងដែរ។
៤. រមណីយដ្ឋានចម្ការខ្នុរ ឬហៅថា រមណីយដ្ឋានទឹកជ្រោះបរយ៉ាខា
រមណីយដ្ឋានចម្ការខ្នុរ ឬហៅថា រមណីយដ្ឋានទឹកជ្រោះបរយ៉ាខា ស្ថិតនៅជាប់នឹងមាត់ស្ទឹង ឬជ្រោះក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលជារមណីយដ្ឋានកែច្នៃមួយកន្លែងកំពុងតែល្បីរន្ទឺ ដោយមានភ្ញៀវទេសចរជាតិ និង អន្តរជាតិចូលទៅលេងកម្សាន្តយ៉ាងច្រើនកុះករទាំងខ្មែរ និង បរទេស ហើយបើសិនជាធ្វើដំណើរទៅលេងរមណីយដ្ឋានចម្ការខ្នុរនេះ ត្រូវចេញពីទីរួមខេត្តបាត់ដំបង កាត់តាមជើងភ្នំសំពៅតាមបណ្តោយផ្លូវជាតិលេខ ៥៧ ឆ្ពោះទៅទិសខាងលិច ដែលមានចម្ងាយ ប្រហែលជាង ៨០ គីឡូម៉ែត្រ ដល់ក្រុងប៉ៃលិន រួចហើយបន្តធ្វើដំណើរទៅទិសខាងលិច ឆៀងទៅខាងត្បូង ចម្ងាយពីក្រុងប៉ៃលិន ប្រហែលជា ៥ ទៅ ៦ គីឡូម៉ែត្រ ដោយឆ្លងកាត់តាមផ្លូវលំមួយកន្លែង។
៥. ភ្នំក្បាលដំរី ឬទឹកធ្លាក់បរហ៊ុយ
ភ្នំក្បាលដំរី ឬទឹកធ្លាក់បរហ៊ុយ មានទឹកធ្លាក់ ៣២ ជាន់ ស្ថិតនៅក្នុងភូមិថ្មី ឃុំទួលល្វា ស្រុកប៉ៃលិន ខេត្តប៉ៃលិន ដែលមានសម្រស់ស្រស់ផូរផង់លាក់កំបាំងខ្លួនកណ្ដាលព្រៃ ប្រៀបដូចត្បូងមិនទាន់ច្នៃ ហើយរមណីយដ្ឋានទឹកធ្លាក់ ៣២ ជាន់នេះដែរត្រូវបានអ្នកភូមិប្រៀបប្រដូចទៅនឹងកូនក្រមុំ ឬត្បូងមិនទាន់ច្នៃ ព្រោះអ្វីៗនៅស្រស់ស្អាតទាំងអស់ នៅមិនទាន់មានការកែច្នៃ ដោយនៅសេសសល់ព្រៃឈើច្រើន និង ទឹកធ្លាក់ត្រជាក់ស្ទើរតែអាចក្លាសេភេសជ្ជៈយ៉ាងត្រជាក់មិនចាញ់ទឹកកកឡើយ។
៦. រមណីយដ្ឋានទឹកធ្លាកអូរតាវ៉ៅ ឬទឹកធ្លាក់ភ្នំខៀវ
រមណីយដ្ឋានទឹកធ្លាកអូរតាវ៉ៅ ឬទឹកធ្លាក់ភ្នំខៀវ មានទីតាំងស្ថិតនៅក្នុងសង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន មានចម្ងាយ ៥ គីឡូម៉ែត្រ ពីក្រុងប៉ៃលិន ហើយដើម្បីទៅដល់ទីនោះ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៥៧ រហូតដល់ស្ពានថ្មអូរតាវ៉ៅ ឡើងទៅប្រហែលជាង ១០០ ម៉ែត្រក្នុងខេត្តប៉ៃលិននោះ និង ឃើញផ្លាកសញ្ញាបង្ហាញទីតាំងត្រង់ម្ដុំផ្លូវបំបែកភូមិខ្លុង ពីខាងឆ្វេងដៃ ហើយបត់ចូលទៅប្រមាណ ៧ គីឡូម៉ែត្រទៀត និង ដល់កន្លែងហើយ។ គួរឱ្យដឹងដែរថា រមណីយដ្ឋាននេះមានស្ទឹងធម្មជាតិទឹកថ្លា មានជ្រោះទឹកហូរធ្លាក់លើល្បាក់ថ្មដា យ៉ាងខ្ពស់ ខ្យល់អាកាសត្រជាក់ដល់ក្រអៅបេះដូង ដែលធ្វើឱ្យភ្ញៀវទេសចរជាតិ និង អន្តរជាតិ ទៅលេងសប្បាយរីករាយ។ ជាពិសេសទៀតនោះ គឺម្ចាស់វិនិយោគបានកែច្នៃឱ្យមានកន្លែងអង្គុយលេងនៅក្បែរមាត់ស្ទឹងអូរតាវ៉ៅ ជាច្រើនកន្លែង នៅខាងលើច្រាំង និង ខាងលើកន្លែងចតឡាន សម្រាប់ភ្ញៀវទេសចររង់ចាំក្រុមគ្រួសារចុះទៅលេងទឹកជ្រោះធ្លាក់បែកផ្កាត្រែង។ ចំណែកកន្លែងទុកដាក់ឡានម៉ូតូក៏មានភាពងាយស្រួល មិនធ្វើឱ្យមានការព្រួយបារម្ភពីសុវត្ថិភាពបាត់បង់អ្វីឡើយ៕
ប្រភព និង រូបភាព ៖ ព្រះរាជាណាចក្រកម្ពុជា/រដ្ឋបាលខេត្តប៉ៃលិន & TovTrip