ទូតជប៉ុនតែងជិះរថយន្តក្រុងជាមួយប្រពន្ធ ប្រាប់ថាស្រួលខ្លាំង ហើយចង់ឱ្យបងប្អូនខ្មែរជិះខ្លាំងបំផុត
ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានចេញវីដេអូឃ្លីប ៦០ វិនាទី នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៩ និយាយអំពីការផ្ដល់រថយន្តក្រុងពណ៌ខៀវពីរាជរដ្ឋាភិបាលជប៉ុន មកកម្ពុជា ។ ឯកឧត្ដមបានមានប្រសាសន៍ថា រថយន្តក្រុងពណ៌ខៀវរបស់ជប៉ុនបានមកដល់ភ្នំពេញមួយឆ្នាំហើយ តើលោក លោកស្រី ធ្លាប់ជិះហើយឬនៅ?
នៅក្នុងវីដេអូនោះទូតជប៉ុន បានរៀបរាប់ថា ឱ្យតែថ្ងៃឈប់សម្រាកលោក និង ភរិយាតែងជិះរថយន្តក្រុងជាប្រចាំ ដែលរង់ចាំ ១០ ទៅ ១៥ នាទី នោះរថយន្តក្រុងនឹងមកទទួលហើយ ។ឯកឧត្ដមបន្តទាំងស្នាមញញឹមថា រថយន្តក្រុងមានម៉ាស៊ីនត្រជាក់ ងាយស្រួលជិះ ថែមទាំងមានសុវត្ថិភាពទៀតផង ។
ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ បង្ហាញចំណាប់អារម្មណ៍ថា លោកពិតជារីករាយខ្លាំងណាស់ពេលឃើញបងប្អូនប្រជាពលរដ្ឋជិះរថយន្តក្រុង ហើយនិយាយគ្នាលេង ប្រកបដោយស្នាមញញឹមបែបនេះ ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម បានបញ្ជាក់អំពីថ្លៃសេវាថា តម្លៃសំបុត្ររថយន្តក្រុងម្នាក់ ១ ៥០០ រៀល លើកលែងតែព្រះសង្ឃ កម្មករ កម្មការិនី សិស្សនិស្សិត ជនពិការ និង ក្មេងកំពស់ក្រោម ១ ម៉ែត្រមិនគិតលុយនោះទេ ។ ឯកឧត្ដមបានសំណូមពរឱ្យប្រជាពរដ្ឋជិះរថយន្តក្រុងសាធារណៈឱ្យបានគ្រប់គ្នា ៕
សូមទស្សនាវីដេអូ ៖
អត្ថបទ ៖ រាជ