គាំទ្រអស់ពីចិត្ត! ភ្នំពេញនឹងមានផ្លូវសម្រាប់តែរថយន្តក្រុងសាធារណៈ ដឹកអ្នកដំណើរ គ្មានឧបសគ្គ
ក្នុងឱកាសជប៉ុនផ្ដល់រថយន្តក្រុង ៨០ គ្រឿងមកឱ្យកម្ពុជា នៅព្រឹកថ្ងៃទី ១៩ មិថុនា ២០១៩ នេះឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអៈអាងថា រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ក្រុមអ្នក ជំនាញចុះសិក្សាជាមួយភាគីជប៉ុន ដើម្បីកំណត់បណ្តាញផ្លូវមួយចំនួនជាផ្លូវឯកទិស និង ផ្លូវអាទិភាពសម្រាប់រថយន្តក្រុងសាធារណៈបានបើកបរដោយគ្មានការរំខាន និង ឧបសគ្គអ្វីមួយកើតឡើង ។
អភិបាលរាជធានីភ្នំពេញបានបន្តថា ការកំណត់ផ្លូវអាទិភាពសម្រាប់រថយន្តក្រុងសាធារណៈនេះ គឺដើម្បីកែលម្អប្រព័ន្ធដឹកជញ្ជូន តាមរយៈមធ្យោបាយសាធារណៈរួមមួយនេះ ឱ្យកាន់តែទទួលបានប្រជាប្រិយភាព ពោលគឺទាក់ទាញអ្នកជិះឱ្យបានកាន់តែច្រើន ដែលជួយកាត់បន្ថយការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនសំដៅរំដោះការកកស្ទះចរាចរណ៍យ៉ាងមានប្រសិទ្ធិភាព ។
គម្រោងកែលម្អផ្លូវអាទិភាពសម្រាប់រថយន្តក្រុងសាធារណៈនៅរាជធានីភ្នំពេញនេះ ដោយសារតែ បណ្តាផ្លូវខ្សែរត់រថយន្តក្រុងមួយចំនួនមានការចតយានយន្តគ្មានសណ្តាប់ធ្នាប់ហើយមានការរំលោភលើចំណីផ្លូវសាធារណៈដែលបង្កការរំខានដល់ការធ្វើដំណើររបស់រថយន្តក្រុងពុំបានលឿនរហ័ស ទាន់ចិត្ត ។
រដ្ឋបាលរាជធានីភ្នំពេញនឹងពន្លឿនការធ្វើកិច្ចការនេះឲ្យបានឆាប់ជាទីបំផុតដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ដែលកំពុងកើតឡើងជាញឹកញាប់នៅក្នុងរាជធានីភ្នំពេញ ហើយកាត់បន្ថយការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រកដោយភាពងាយស្រួល និង ធានាសុវត្ថិភាព ៕
ប្រភព ៖ ក្រសួងព័ត៌មាន