លោកស្នងការគំរូ! ចុះទៅចាប់ពលរដ្ឋអត់មួកសុវត្ថិភាព តែចុងក្រោយទិញពាក់ជូនទាំងស្នាមញញឹម
គួរឱ្យកោតសរសើរក្រៃលែងនៅព្រឹកថ្ងៃទី ២២ កក្កដា ២០១៩ នេះឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និង ជាអគ្គស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំង ដោយផ្ទាល់ ចុះត្រួតពិនិត្យតាមបណ្ដាគោលដៅ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើការរឹតបន្តឹង ចំពោះអ្នកបើកបរម៉ូតូ អ្នករួមដំណើរ និងអ្នកបើកម៉ូតូកង់បី ដែលមិនពាក់មួកសុវត្ថិភាព។
លោកឧត្ដមសេនីយ៍ឯកបានឱ្យដឹងថា ចំពោះអ្នកបើកបរម៉ូតូ អ្នករួមដំណើរ និងអ្នកបើកម៉ូតូកង់បី ដែលមិនពាក់មួកសុវត្ថិភាពត្រូវឃាត់ ហើយតម្រូវឲ្យរកមួកសុវត្ថិភាពមកពាក់ ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត ។ អ្វីដែលគួរឱ្យកោតសរសើរនោះព្រឹកនេះលោក បានចែកជូន នូវមួកសុវត្ថិភាពមួយចំនួន ដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនបានពាក់មួកសុវត្ថិភាពទៀតផង ។
យ៉ាងណាក្ដីឯកឧត្ដម នៅតែសង្កេតឃើញ ថា មានអ្នកបើកបរម៉ូតូ អ្នករួមដំណើរ និងអ្នកបើកម៉ូតូកង់បីមួយចំនួន មិនបានពាក់មួកសុវត្ថិភាពនោះទេ ។ លោកសូមអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ
រូបភាព ៖ ស ថេត