ស្អាតបំផុត! ផ្លូវពុះជ្រែកកាត់ព្រៃភ្នំ កាច់កុងដូចអន្ទង់អាំង ដំបូងនៅកម្ពុជា សាងសង់រួចរាល់ហើយ
ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នេះឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈ ប្រតិភូក្រសួង អមដោយតំណាងក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និង មន្ត្រីនៃ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តខេត្តពោធិ៍សាត់ អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពកំណាត់ផ្លូវជាតិ លេខ៥៥ ដែលសាងសង់ដោយសាជីវកម្មស្ពានថ្នល់ចិន (CRBC) ។
ផ្លូវប្រវែងជាក់ស្តែងសរុបចំនួន ១៨០ គីឡូម៉ែត្រ និង ទទឹង ៩ ម៉ែត្រ ស្ពានចំនួន ៤៥ នេះ សាងសង់ឡើងក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១៣២.៨០ លានដុល្លារសហរដ្ឋអាមេរិក ជាប្រភេទផ្លូវ DBST គិតចាប់ពីផ្លូវប្រសព្វផ្លូវ ជាតិលេខ៥ (១៩១+១៥០) រហូតដល់ភ្នំក្រវាញ-ទីរួមស្រុកវាលវែង-ថ្មដា ខេត្តពោធិសាត់ (ព្រំដែនកម្ពុជា-ថៃ ខេត្តត្រាត) ។
គម្រោងផ្លូវនេះបានចាប់ដំណើរការបើកការដ្ឋានសាងសង់នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយរហូត មកដល់ពេលនេះក្រុមហ៊ុនបានបញ្ចប់ការសាងសង់ ១០០ ភាគរយ ហើយ ដោយប្រើប្រាស់រយៈពេលសាង សង់អស់ចំនួន ៤២ ខែ ។
ផ្លូវនេះជាសសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង សមាហរណកម្មផ្ទៃក្នុង ក៏ដូចជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានងាយស្រួលនិងឆាប់រហ័ស និង រួមចំណែក ដល់ការប្រែក្លាយតំបន់សក្តានុពលផ្នែកកសិកម្ម ពិសេសតំបន់ដាច់ស្រយាលជាប់ព្រំដែនកម្ពុជាថៃ ដែលអាចតភ្ជាប់មកកាន់ទីប្រជុំជនបានងាយស្រួល ។ ជាពិសេសជាងនេះទៀត ផ្លូវនេះជួយធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់រវាងកម្ពុជា និង បណ្តាប្រទេសជិតខាង ជួយដល់ការសម្របសម្រួលការធ្វើពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន ការវិនិយោគ និង ជំរុញដល់ការអភិវឌ្ឍទេសចរណ៍ និង កសិកម្មផងដែរ ៕
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ