យល់ឱ្យច្បាស់ពីប្រភេទផ្លូវគោក និងផ្លូវថ្នល់នៅកម្ពុជា ចែងក្នុងព្រះរាជក្រម កុំឱ្យកូនខ្មែរខ្លះយល់ខុសទៀត
តើផ្លូវគោក និង ផ្លូវថ្នល់ នៅកម្ពុជាចែកចេញជាប៉ុន្មានប្រភេទ ? តោះសូមទៅស្វែងយល់ទាំងអស់គ្នា ៖
យោងតាមសៀវភៅភូមិវិទ្យាថ្នាក់ទី ៩ ដែលបោះពុម្ពដោយក្រសួងអប់រំ យុវជន និង កីឡា ផ្លូវគោកនៅកម្ពុជាចែកចេញជា ២ ប្រភេទ គឺផ្លូវថ្នល់ និង ផ្លូវដែក ។ បន្ថែមលើពីនេះមន្ត្រីជាន់ខ្ពស់ នៅក្រសួងសាធារណការ និង ដឹកជញ្ជូន ក៏បញ្ជាក់ថា ផ្លូវគោកនៅកម្ពុជា បានចែងក្នុងច្បាប់គឺ មានតែ ២ ប្រភេទពិតមែន គឺផ្លូវថ្នល់ និង ផ្លូវដែក ។
ដោយឡែកតាមច្បាប់ស្តីពីផ្លូវថ្នល់ នៃព្រះរាជក្រម ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០១៤ បានឲ្យដឹងថា ផ្លូវថ្នល់ សំដៅដល់ទំហំផ្លូវទាំងមូលរួមមាន តួផ្លូវ ទ្រូងផ្លូវ ជាយផ្លូវ ឬចិញ្ចើមផ្លូវ ស្ពាន ស្ពានអាកាស ស្ពានរំលង ផ្លូវរូង និងកំពង់ចម្លងតភ្ជាប់ផ្លូវថ្នល់ ។ ផ្លូវថ្នល់នៅកម្ពុជាបែងចែកជា ៦ ប្រភេទដូចខាងក្រោម ៖
១. ផ្លូវល្បឿនលឿន
សំដៅដល់ផ្លូវសម្រាប់យានយន្តធ្វើចរាចរណ៍ មានបរិក្ខារចែកទ្រូងផ្លូវជាពីរចំណែកខុសទិសគ្នា ឬចែកជាគន្លងផ្លូវ គ្មានកន្លែងផ្លូវប្រសព្វលើផ្ទៃរាបមួយ ឬត្រូវមានផ្លូវប្រសព្វតិចបំផុតក្នុងករណីចាំបាច់ និងបំពាក់គ្រប់គ្រាន់នូវបរិក្ខារផ្លូវថ្នល់ ដើម្បីធានាលំហូរចរាចរណ៍អត់ឈប់ សុវត្ថិភាព និងដើម្បីបន្ថយពេលវេលាធ្វើដំណើរ និងមានកន្លែងកំណត់ សម្រាប់ឲ្យយានយន្តចេញ និងចូលផ្លូវល្បឿនលឿន ។
២.ផ្លូវជាតិ
សំដៅដល់ផ្លូវដែលមានចរាចរណ៍ច្រើន និងមានលក្ខណៈសម្គាល់ដូចខាងក្រោមនេះ៖
ក. ផ្លូវភ្ជាប់ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងនៃខេត្តនីមួយៗ នៅទូទាំងប្រទេស ។
ខ. ផ្លូវភ្ជាប់ចេញពីក្រុងនៃខេត្តមួយ ឆ្ពោះទៅកាន់ក្រុងនៃខេត្តមួយទៀត ។
គ. ផ្លូវភ្ជាប់ចេញពីផ្លូវជាតិ ឆ្ពោះទៅកាន់ផ្លូវជាតិ ។
ឃ. ផ្លូវបែកចេញពីផ្លូវជាតិ ឆ្ពោះទៅកាន់ក្រុងនៃខេត្តមួយ ។
ង. ផ្លូវបែកចេញពីផ្លូវជាតិ ឬផ្លូវភ្ជាប់ចេញពីក្រុងនៃខេត្តមួយឆ្ពោះទៅកាន់តំបន់សំខាន់ៗ ដូចជាកំពង់ផែ ស្ថានីយរថភ្លើង អាកាសយានដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស រមណីយដ្ឋានទេសចរណ៍ ច្រកទ្វារព្រំដែន តំបន់មានសក្តានុពលសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត ។
ច. ផ្លូវសំខាន់ៗរបស់ជាតិ មានចរាចរណ៍ច្រើនដែលកំណត់ដោយរាជរដ្ឋាភិបាលតាមសំណើរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។
៣. ផ្លូវខេត្ត
ក. ផ្លូវភ្ជាប់ចេញពីក្រុងនៃខេត្តមួយ ឆ្ពោះទៅកាន់ទីរួមស្រុក ខណ្ឌ ។
ខ. ផ្លូវបែកចេញពីផ្លូវជាតិ ឆ្ពោះទៅកាន់ផ្លូវខេត្ត ។
គ. ផ្លូវបែកចេញពីផ្លូវខេត្ត ឬផ្លូវក្រុង ឆ្ពោះទៅកាន់ទីរួមស្រុកខណ្ឌ ។
ឃ. ផ្លូវភ្ជាប់ចេញពីក្រុងនៃខេត្តមួយ ឆ្ពោះទៅកាន់ផ្លូវខេត្ត ។
ង. ផ្លូវបែកចេញពីផ្លូវខេត្ត ឆ្ពោះទៅកាន់ផ្លូវខេត្ត ។
ច. ផ្លូវបែកចេញពីផ្លូវខេត្ត ឬផ្លូវក្រុង ឬផ្លូវទីប្រជុំជននានាក្នុងខេត្តទៅកាន់តំបន់សំខាន់ៗដូចជា កំពង់ផែ ស្ថានីយរថភ្លើង អាកាសយានដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស រមណីយដ្ឋានទេសចរណ៍ ច្រកទ្វារព្រំដែនទ្វេភាគី តំបន់មានសក្តានុពលសេដ្ឋកិច្ចមធ្យមផ្សេងទៀត ។
៤. ផ្លូវជនបទ
សំដៅដល់៖
ក. ផ្លូវដែលភ្ជាប់ពីផ្លូវជាតិ ផ្លូវខេត្ត ឆ្ពោះទៅកាន់ក្រុង ទីរួមស្រុក ខណ្ឌ ទីប្រជុំជនឃុំសង្កាត់ និងទៅភូមិ ។
ខ. ផ្លូវដែលភ្ជាប់ពីក្រុងទីរួមស្រុក ខណ្ឌ ឆ្ពោះទៅកាន់ក្រុង ទីរួមស្រុក ខណ្ឌ ។
គ. ផ្លូវដែលភ្ជាប់ពីក្រុង ទីរួមស្រុក ខណ្ឌ ទៅទីប្រជុំជន ឃុំសង្កាត់ ។
ឃ. ផ្លូវដែលភ្ជាប់ពីទីប្រជុំជនឃុំសង្កាត់ ទៅទីប្រជុំជនឃុំសង្កាត់ ។
ង. ផ្លូវដែលភ្ជាប់ពីទីប្រជុំជន ឃុំសង្កាត់ទៅភូមិ។
ច. ផ្លូវដែលភ្ជាប់ពីភូមិទៅភូមិ។
ឆ. ផ្លូវក្នុងភូមិ។
៥. ផ្លូវរាជធានី ផ្លូវក្រុង និងផ្លូវទីប្រជុំជននានាក្នុងខេត្ត
ផ្លូវនេះ សំដៅដល់ផ្លូវថ្នល់ដែលស្ថិតនៅក្នុងបរិវេណភូមិសាស្រ្តរដ្ឋបាលរាជធានី-ខេត្ត ដោយរួមមានទ្រូងផ្លូវ ចិញ្ចើមផ្លូវ និង ផ្លូវថ្មើរជើង ។
៦. ប្រភេទផ្លូវផ្សេងៗទៀត ដែលកំណត់ដោយរាជរដ្ឋាភិបាល ៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ