ត្រៀមទះដៃសាទរឱ្យណាណីទៅ! ស្ពានអាកាសស៊េរីទំនើបថ្មីៗ ៤ កន្លែងកំពុងសង់ប្រជែងគ្នានៅភ្នំពេញ
គម្រោងសាងសង់ស្ពានអាកាស ៣ កន្លែងនៅភ្នំពេញកំពុងសាងសង់យ៉ាងគគ្រឹងគគ្រេងទាំងយប់ទាំងថ្ងៃនៅរាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។ ស្ពានអាកាសទាំង ៣ នោះមានដូចជា ៖
១. ការសាងសង់ស្ពានអាកាសបន្ថែមទៀត លើស្ពានអាកាសក្បាលថ្នល់
គម្រោងសាងសង់ស្ពានអាកាសបន្ថែមទៀត លើស្ពានអាកាសក្បាលថ្នល់ កំពុងសម្រុកសាងសង់យ៉ាងសកម្មដើម្បីឱ្យចប់ជាស្ថាពរមុនឆ្នាំ ២០១៩ នេះ ។ តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងថា ចាប់ពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០១៩ នេះតទៅ ការដ្ឋានស្ពានអាកាសក្បាលថ្នល់ នឹងតម្លើងពុម្ពដែកកម្រាលតួស្ពាន កម្ពស់ពីកម្រាលកៅស៊ូថ្នល់ +៤.០០ម ។ ដូច្នេះដើម្បីធានាបានសុវត្ថិភាពជូនបងប្អូនអ្នកធ្វើដំណើរឆ្លងកាត់ទីតាំងនេះគ្រប់ប្រភេទ សូមយានយន្តទាំងអស់ផ្ទុកទំនិញផ្សេងៗត្រឹមកម្ពស់ ៤.០០ ម ចុះក្រោមជាកំហិត ។
២. ស្ពានអាកាស និង ផ្លូវក្រោមដីចោមចៅ
ស្ពានអាកាស និង ផ្លូវក្រោមដីនេះ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៨ ។ គម្រោងតម្លៃប្រមាណ ២២ លានដុល្លារនេះ នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣០ខែ ។ គម្រោងសាងសង់ស្ពានអាកាសទី៦ និង ផ្លូវក្រោមដីនៅរង្វង់ចោមចៅ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
៣. ស្ពានអាកាសថ្មើរជើង ២ កន្លែង
រដ្ឋបាលរាជធានីភ្នំពេញមានគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងចំនួនពីរទីតាំង បន្ថែមទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់តំបន់នោះប្រកបដោយសុវត្ថិភាព ។ នេះបើតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហោះនៅថ្ងៃទី ២៤ សីហា ២០១៩ នេះ ។
តាមការបញ្ជាក់ គម្រោងទីមួយមានទីតាំងស្ថិតនៅលើមហាវិថីម៉ៅសេទុងខាងកើតសាលាបឋមសិក្សាសន្ធរម៉ុក និង គម្រោងទីពីរមានទីតាំងស្ថិតនៅលើមហាវិថីម៉ៅសេទុងខាងលិចផ្សារដើមគ ៕