ច្បាស់ហើយ ពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
គម្រោងផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩ នេះហើយ ។ ពីធីបើកការដ្ឋានសាងសង់ផ្លូវនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
ការសាងសង់ផ្លូវល្បឿនលឿននេះគឺធ្វើឡើងតាមរូបភាពសាងសង់-អាជីវកម្ម-ផ្ទេរ (BOT) ដែលសាងសង់ដោយក្រុមហ៊ុនចិនឈ្មោះ CAMBODIAN PPSHV EXPRESSWAY CO.,LTD.។ ផ្លូវនេះគ្រោងសាងសង់ជាបួនគន្លង ដោយ ២ គន្លងទៅ ២ គន្លងមក ខណ្ឌដោយសួរច្បារកណ្ដាលទ្រូងផ្លូវ មានប្រវែងសរុបជិត ២០០គីឡូម៉ែត្រ និង ទទឹង ២៤ ម៉ែត្រ ក្រាលកៅស៊ូ AC ហើយមានកសាងរបងបាំងសងខាងផ្លូវ ដើម្បីការពារសុវត្ថិភាពជូនអ្នកធ្វើដំណើរផងដែរ ។ ផ្លូវល្បឿនលឿននេះ គ្រោងប្រើរយៈពេលសាងសង់ ៤ ឆ្នាំ ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនបានបង្ហាញក្តីរំពឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកជញ្ជូនទំនិញ តំបន់ប៉ូលសេដ្ឋកិច្ច ដ៏សំខាន់ពីរគឺរាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ ។ ជាពិសេសការដឹកទំនិញ ពីបណ្តារោងចក្រនានា ទៅកាន់កំពង់ផែស្វយ័តព្រះសីហនុ សម្រាប់ការនាំចេញទៅកាន់ប្រទេស ក៏ដូចជាការដឹកទំនិញពីកំពង់ផែស្វយ័តព្រះសីហនុ ទៅតំបន់ដទៃទៀត ៕
ដោយ ៖ ឧត្តម