ធូរទ្រូងខ្លាំង! តិចទៀតអ្នករត់កង់បីឥណ្ឌានៅភ្នំពេញ លែងបើកបរអនាធិបតេយ្យទៀតហើយ
កំណើនអ្នកប្រកបរបរលក់កង់បីឥណ្ឌានៅភ្នំពេញកាន់តែច្រើនឡើយៗពីមួយថ្ងៃទៅមួយថ្ងៃ ។ អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋរិះគន់ខ្លាំងនោះ គឺអ្នកកង់បីភាគច្រើនមិនសូវបានយល់ដឹងពីច្បាប់ចរាចរណ៍នោះទេ ដូចជា បើកបរមិនទុកផ្លូវឲ្យម៉ូតូ បត់មិនមើលមុខមើលក្រោយ បើកបរពេញផ្លូវឲ្យតែមានប្រឡោះ ។ ល ។ ជារឿងគួរឲ្យកោតសរសើរមួយដែរ ដែលរដ្ឋបាលរាជធានីភ្នំពេញបានបើកវគ្គបណ្ដុះបណ្ដាលទៅដល់អ្នករត់កង់បីឥណ្ឌាឲ្យបានយល់ដឹងពីច្បាប់ចរាចរណ៍ និង តម្រូវឲ្យប្រឡងយកបណ្ណបើកបរឲ្យបានគ្រប់ៗគ្នា ។
គួរឲ្យរំភើបចិត្ត នៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០១៩ មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានី ភ្នំពេញបានឲ្យដឹងថា ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោក បងប្អូនអ្នកបើកបរត្រីចក្រយានយន្តពោលគឺអ្នកបើកកង់បីចំនួន ២៤ នាក់ បានដាក់ពាក្យប្រឡងយកបណ្ណបើកបរ ជាលទ្ឋផលបានប្រឡងជាប់ចំនួន ១១ នាក់ ។ អ្នកបើកបរកង់បីជាច្រើនរូបទៀតនឹងត្រូវប្រឡងយកបណ្ណបើកបរជាបន្តបន្ទាប់ ។ ដូច្នេះទៅថ្ងៃអនាគត អ្នកបើកបរកង់បីនឹងលែងបង្កភាពអនាធិបតេយ្យលើដងផ្លូវទៀតហើយ ៕
អត្ថបទ៖ រាជ
រូបភាព៖ មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ