ញាក់សាច់! ស្លាប់ម្នាក់រងរបួសធ្ងន់ស្រាល ៣ នាក់ ព្រោះតែបើកបរប្រជែងគ្នា
បុរសចំណាស់ម្នាក់បានស្លាប់ និង មនុស្ស ៣ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកបន្តគ្នាដល់ទៅ ៣ គ្រឿង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ១០ នាទីព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ ១១៤-១១៥ ស្ថិតក្នុងភូមិ ទួលរកា ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ យ៉ាំ យ៉េត ភេទប្រុស អាយុ ៧៩ ឆ្នាំ ជាមេធាវី មានទីលំនៅក្នុងខេត្តបាត់ដំបង ជាអ្នកបើករថយន្តមួយគ្រឿងម៉ាកស៊ី.អ.វី (CRV) ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២AB-០៩៤២ ។ ចំណែកភាគីរថយន្តទាំង ២ គ្រឿងក្នុងនោះមួយគ្រឿងម៉ាកឡិចស៊ីស ៤៧០ ពាក់លេខនគរបាល 2- 1396 បើកបរដោយឈ្មោះ ចែម សារុំ នៅរាជធានីភ្នំពេញ និង មួយគ្រឿងទៀតជិះគ្នា ៣ នាក់ ម៉ាកតាកូម៉ា ពាក់ស្លាកលេខកំពង់ចាម ៣A-៤៨២៩ បើកបរដោយឈ្មោះ នួន សន្យា ភេទប្រុស អាយុ ២៥ ឆ្នាំ នៅរាជធានីភ្នំពេញ ។
មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជាមេធាវីម្នាក់បានបើករថយន្តម៉ាកស៊ី.អ.វី តែម្នាក់ឯង ក្នុងដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានបើកវ៉ាជែងរថយន្តកុងតឺន័រមួយគ្រឿងហើយ ក៏ជ្រុលទៅបុកចំកង់រថយន្តម៉ាកឡិចស៊ីស ៤៧០ បន្ទាប់មករថយន្តម៉ាកស៊ី.អ.វីក៍បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកតាកូម៉ា បណ្តាលអ្នកបើកបររថយន្តម៉ាកស៊ី.អ.វីស្លាប់កៀបជាប់ក្នុងរថយន្ត ចំណែកមនុស្ស ៣ នាក់ដែលជិះក្នុងរថយន្តមួយគ្រឿងម៉ាកតាកូម៉ា បានរងរបួសធ្ងន់ និងស្រាល ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយករថយន្តទាំង ៣ គ្រឿងទៅកាន់អធិការនគរបាលស្រុក ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ ៖ ដេវីត