ធ្វើការល្អអស់ ២០ ឆ្នាំ គ្រាន់តែដេកក្នុងម៉ោងធ្វើការមួយភ្លែតត្រូវគេបញ្ឈប់ ដល់-កពេក ប្តឹងក្រុមហ៊ុនខ្លួនឯងទារលុយបានរាប់ម៉ឺនដុល្លារ
ថ្មីៗនេះ តុលាការប្រជាជនក្រុង Taixing ប្រទេសចិន បានចេញសាលក្រមក្នុងសំណុំរឿងមួយពាក់ព័ន្ធនឹងការបញ្ឈប់ការងាររបស់បុគ្គលិកម្នាក់នៅក្នុងក្រុមហ៊ុន ដែលតម្រូវឱ្យក្រុមហ៊ុននោះសងជំងឺចិត្តដល់បុគ្គលិកចំនួន ៣៥០ ០០០ យ័ន។
តាមព័ត៌មានបានឱ្យដឹងថា រឿងរ៉ាវបានកើតឡើងកាលពីខែសីហា ឆ្នាំ ២០២៣ កន្លងទៅ ដោយបុរសបុគ្គលិកគឺជាអ្នកចាត់ការនៅក្នុងក្រុមហ៊ុននេះ ដែលបានធ្វើការជាង ២០ ឆ្នាំទៅហើយ។ ក្នុងនោះ នៅថ្ងៃមួយគេបានដេកអស់រយៈពេលមួយម៉ោងនៅលើតុកន្លែងធ្វើការ ហើយក្រោយមកខាងក្រុមហ៊ុនក៏បានបញ្ឈប់បុរសរូបនេះ ដោយអះអាងថាគេបានធ្វើល្មើសនឹងច្បាប់កន្លែងការងារ។
យ៉ាងណាមិញ បុរសជាបុគ្គលិកក៏កើតការមិនពេញចិត្តជាខ្លាំង រួចក៏បានដាក់ពាក្យបណ្តឹងទៅតុលាការប្រជាជន ដើម្បីឱ្យគេជួយរកយុត្តិធម៌ឱ្យ។ ក្នុងនោះតុលាការបានកាត់ក្តីថា បើទោះជាបុរសរូបនេះបានដេកលក់នៅកន្លែងធ្វើការល្មើសនឹងច្បាប់កន្លែងការងារ តែវាមិនបានធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមហ៊ុនឡើយ។ ម្យ៉ាងទៀតគេគឺជាបុគ្គលិកដែលមានសមិទ្ធផលការងារល្អណាស់ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ។ ដូចនេះហើយ ការសម្រេចចិត្តបញ្ឈប់គេដោយមិនបានពិចារណាឱ្យត្រឹមត្រូវទៅតាមដំណើរការប្រជាធិបតេយ្យគឺមិនសមរម្យឡើយ។ ចុងក្រោយតុលាការក៏បានឱ្យខាងក្រុមហ៊ុនសងជំងឺចិត្តទៅបុរសនេះចំនួន ៣៥០ ០០០ យ័ន ស្មើប្រមាណ ៤៨ ០០០ ដុល្លារ៕
ប្រភព៖ Sanook