Jennie ចេញបដិសេធចចាមអារ៉ាមស្នេហាជាមួយ BamBam ក្រោយប្រទះឃើញភ័ស្តុតាងច្បាស់នៅអាមេរិក
ថ្មីៗនេះ Jennie សមាជិកក្រុម BLACKPINK និង BamBam សមាជិកក្រុម GOT7 ត្រូវបានក្រុមប្រមាញ់រូបថតតារាលួចថតបានអំឡុងពេលតារាល្បីទាំងពីររូបនេះបាននាំគ្នាចូលញ៉ាំអាហារនាភោជនីយដ្ឋានជប៉ុនដ៏ល្បីមួយកន្លែងនាក្រុង Los Angeles សហរដ្ឋអាមេរិក។ ក្រោយរូបភាពទាំងនោះត្រូវបានចែកចាយ ពាក្យចចាមអារ៉ាមជាច្រើនក៏បានផ្ទុះឡើងថាតារាមួយគូនេះអាចកំពុងតែមានទំនាក់ទំនងពិសេសជាមួយគ្នាលើសពីមិត្តរួមអាជីព។
យ៉ាងណាមិញ មកដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ខាង OA Entertainment ក៏មិនទុកឱ្យចចាមអារ៉ាមនៅវិលវល់យូរ ក៏បានធ្វើការឆ្លើយតបច្បាស់ៗថា៖ «ពួកគេទាំងពីរនាក់ដែលជាមិត្តនឹងគ្នាមួយរយៈមកនេះ បានជួបគ្នាញ៉ាំអាហារជាមួយគ្នានៅសហរដ្ឋអាមេរិក»។
គួរឱ្យដឹងថា តារាចម្រៀង Jennie បច្ចុប្បន្នកំពុងតែផ្ដោតសំខាន់លើការវិលត្រឡប់មកវិញជាមួយបទចម្រៀងទោលថ្មីរបស់នាងនៅក្នុងខែតុលាខាងមុខនេះ ក្រោយចុះកុងត្រាជាដៃគូជាមួយក្រុមហ៊ុនដ៏ធំនៅអាមេរិក Columbia Records៕
ប្រភព៖ Soompi