៥ យ៉ាង ស្រីៗចូលចិត្តផាត់មុខទៅធ្វើការ បង្ហាញថាជាមនុស្សឆ្លាត ពូកែ ធ្វើការមានប្រសិទ្ធភាពខ្ពស់
ដូចគេថាសម្រស់ និង ស្ត្រី ដូចទឹក និង ត្រី ស្រមោច និង ស្ករ ដែលមិនអាចខ្វះគ្នាបាន។ ការផាត់មុខទៅកន្លែងធ្វើការ មិនមែន ១០០ ភាគរយជាការបង្អួតសម្រស់នោះទេ តែវាឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈ និង អាកប្បករិយាចំពោះការងារផងដែរ។ ខាងក្រោមនេះ ជាចំណុច ៥ យ៉ាង ដែលបង្ហាញថាស្រីៗទម្លាប់ផាត់មុខទៅធ្វើការ ជាមនុស្សឆ្លាត ពូកែ ធ្វើការមានប្រសិទ្ធភាពខ្ពស់។
១. បង្ហាញពីភាពជាអាជីព៖ ការផាត់មុខទៅធ្វើការបង្ហាញពីភាពជាអាជីព ដែលអាចធ្វើឱ្យស្ត្រីមើលមកកាន់តែក្លៀវក្លា។ ទម្លាប់ស្អាតមួយនេះ វាឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ចំពោះការងារ និង ការបង្កើតចំណាប់អារម្មណ៍វិជ្ជមានចំពោះក្រុមការងារ អតិថិជន និង ថ្នាក់ដឹកនាំ។
២. បង្កើនទំនុកចិត្ត៖ ការផាត់មុខអាចជំរុញឱ្យស្ត្រីមានទំនុកចិត្ត ដោយធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ មានផាសុកភាព និង ជឿជាក់លើខ្លួនឯង។ ការបង្កើតទំនុកចិត្តនេះ ក៏ជាផ្នែកមួយបង្កើនការទំនាក់ទំនងឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។ វាជួយឱ្យការបង្ហាញខ្លួនមានភាពជឿជាក់ខ្ពស់ រីឯការទំនាក់ទំនងក៏មានលក្ខណៈអាជីព។
៣. មានភាពល្អិតល្អន់៖ រាល់ពេលផាត់មុខស្ត្រីរមែងមានការផ្ចិតផ្ចង់ តាំងពីចំណុចចាប់ផ្តើមរហូតដល់បញ្ចប់។ ដូច្នេះ វាបង្ហាញពីទម្លាប់មួយដែលរាល់ពេលស្ត្រីធ្វើអ្វីមួយ តែងមានភាពច្បាស់លាស់ និង ល្អិតល្អន់បំផុត។ សូម្បីការបំពេញការងារនៅកន្លែងធ្វើការក៏ត្រូវបានរាប់បញ្ចូល។
៤. សមត្ថភាព និង សិទ្ធិអំណាច៖ ការសិក្សាបានបង្ហាញថា ស្ត្រីដែលផាត់មុខ តែងមើលមកជាមនុស្សខ្លាំង ប្រកបដោយថាមពល និង អំណាច។ បើនាងមានតំណែងជាមេ ឬ អ្នកដឹកនាំទៀតនោះ នាងនឹងត្រូវបានគេគោរពផ្តល់តម្លៃសម្រាប់ការដឹកនាំនៅក្នុងតួនាទី និង ការសម្រេចចិត្តផ្សេងៗ។
៥. ចេះសម្របខ្លួន និង បត់បែន៖ បើនាងចេះតុបតែងត្រូវទៅតាមកាលៈទេសៈ មានន័យថានាងយល់ច្បាស់ពីភាពខុសគ្នានៃសង្គម និង អាជីពនីមួយៗ។ ដូច្នេះ ការផាត់មុខទៅកន្លែងធ្វើការ អាចឆ្លុះបញ្ចាំងនាងជាមនុស្សចេះសម្របខ្លួន និង បត់បែនទៅតាមបទដ្ឋានសង្គមការងារ៕