អបអរសាទរ! កីឡាករខ្មែរ ២ រូប បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិញ្ញាសាអុកចត្រង្គបុរស ៥នាទី
កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៣ ការប្រកួតអុកចត្រង្គដែលបានរៀបចំឡើងនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាវិញ្ញាសាដែលត្រូវលេងមុនគេបង្អស់នៃកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ដោយការប្រកួតនេះចាប់ផ្តើមពីថ្ងៃទី ២៩ ខែមេសា រហូតដល់ថ្ងៃទី ០៩ ខែឧសភា។
ក្នុងនោះដែរ លទ្ធផលវិញ្ញាសាអុកចត្រង្គបុរស ៥នាទី បានរកឃើញកីឡាករខ្មែរចំនួន ២ រូប គឺលោក សុខ លឹមហេង និង នូ ច័ន្ទផានិត បានឈ្នះលើវិញ្ញាសាអុកចត្រង្គទោលផ្នែកបុរសរយៈពេល ៥នាទី ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ដោយ កីឡាករ សុខ លឹមហេង ជាអ្នកឈរលើតារាងពូល A ក្រោយបញ្ចប់ការប្រកួតចំនួន ៥ ជុំ ធ្វើបានពិន្ទុចំនួន ៤,៥ ឈ្នះ ៤ជុំ និង ស្មើ ១ជុំ។ ចំណែកឯ កីឡាករ នូ ច័ន្ទផានិត បានឈរលើតារាងពូល B រកបានពិន្ទុចំនួន ៤,៥ ដោយឈ្នះ ៤ជុំ និង ស្មើ ១ជុំដូចគ្នា៕
ប្រភព៖សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា COF